Thursday, July 5, 2012

កម្មករ​រំសាយ​ការបិទផ្លូវ តែមាន​ការព្រមាន​ដើរ​ហែ​ក្បួន​ចូល​ក្រុង​នៅ​ថ្ងៃស្អែក​






ថ្ងៃទី 4 កក្កដា 2012





កណ្ដាល: ​បន្ទាប់ពី​មានការ​សន្យា​ពី​មន្ត្រី​ក្រសួង​ការងារ នៅវេលា​ម៉ោង ១ និង ៣០​នាទី ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១២ ការតវ៉ា​បិទផ្លូវ​លេខ​ជាតិ​៤ ដែលមាន​ការចូល​ពី​កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន ប្រមាណ ៤.០០០ នាក់ នៅ​ម្ដុំ​បែក​ចាន ត្រូវបាន​រំសាយ តែមាន​ការព្រមាន​ពី​លោក រ៉ុង ឈុន ថា បើ​
មិនមាន​ដំណោះស្រាយ​ជា​ផ្លូវការ លោក​នឹង​ដឹកនាំ​កម្មករ​ដើរ​ហែរ​ក្បួន​ចូល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​។​



​លោក សាទ សាមុធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញមក​មុខមក​សម្រុះសម្រួល​ជាមួយ​លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា និង​ក្រុមកម្មករ ដោយ​សន្យាថា នឹង​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ហើយ​បន្ទាប់ពី​មានការ​សន្យា​យ៉ាង​ដូច្នេះ ក្រុមកម្មករ​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះ បាន​រំសាយ​ពី​ការតវ៉ា​បិទផ្លូវ​។​

​ដោយឡែក លោក រ៉ុង ឈុន បាន​ព្រមាន​ថា បើ​ពុំមាន​ដំណោះស្រាយ​ផ្លូវការ​ណាមួយ ដែលមាន​ការចូលរួម​ពី​ក្រសួង​ការងារ តំណាង​សហជីព និង​ថៅកែ​ក្រុមហ៊ុន​នោះទេ លោក​នឹង​ដឹកនាំ​កម្មករ​ដើរ​ហែ​ក្បួន​ចូល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃស្អែក​។​

​លោក រ៉ុង ឈុន បាន​បន្តថា ការតវ៉ា​ឈរ​បិទផ្លូវ​ជាតិ​លេខ​៤ ដោយសារតែ​ភាគី​រោងចក្រ​កាត់ដេរ តៃ​យៀន បាន​ចាក់​មេក្រូ​រំខាន​ដល់​ការតវ៉ា​របស់​កម្មករ​នៅមុខ​រោងចក្រ​កាត់ដេរ​។ កម្មករ​រោងចក្រ​កាត់ដេរ តៃ​យៀន ក៏​ទាមទារ​នូវ​លក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់​អត្ថប្រយោជន៍​សម្រាប់​កម្ម​ករ ប្រាក់​ថ្លៃ​ធ្វើដំណើរ និង​ស្នាក់នៅ ១៥ ដុល្លារ ក្នុង​មួយខែ​, ប្រាក់​ថ្លៃ​ទឹកដោះគោ​សម្រាប់​កម្មការិនី ដែលមាន​កូនខ្ចី ចំនួន ១៥ ដុល្លារ ក្នុង​មួយខែ​, ប្រាក់រង្វាន់​ទៀងទាត់ ១៥ ដុល្លារ ក្នុង​មួយខែ និង​ទាមទារ​កុំ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ប្រាក់ខែ​កម្មករ នៅពេលដែល​ពួកគេ​សុំច្បាប់​ឈប់សម្រាក ជាដើម​។​

No comments:

Post a Comment