Saturday, August 4, 2012

អ្នក​ចុះ​មក​វាស់វែង​​ដី​ប្រជាពលរដ្ឋ​​នៅ​សង្កាត់​ចោម​ចៅ ជា​ពួកចោរ​ ​ឬ មន្ត្រី​សាធារណៈ​​របស់​រដ្ឋ ?​

សៅរ៍ 04 សីហា 2012
ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​​៣​ភូមិ​​ដែល​ផ្ទះនិង ដីធ្លី ​របស់​ពួក​គាត់​​​​នៅ​ក្បែរ​​របង​​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​ពី​ខាង​ត្បូង​ កំពុង​តែ​ប្រឈម​​នឹង​​ការ​រឹបអូស​​យក​​​ដោយ​គ្មាន​​សំណង​ពីអាជ្ញាធរ ​​បាន​ឲ្យ​​ទស្សនាវ​ដ្ដីសារព័ត៌​មានសេរី​​ដឹង​​ថា ​កាល​ពីម្សិលមិញ​​មនុស្ស​​មួយ​​ក្រុមបានចុះមក​វាស់វែង​ដីធ្លី​របស់ពួកគាត់​​​​ដោយ​​មិន​បង្ហាញ​អត្តសញ្ញាណ​​​និង​​​​គម្រាម​​​កំហែង​​ពួក​គាត់​​​​មិន​​ឲ្យ​​ថត​សកម្មភាពរបស់​ពួកគេទៀតផង​​​​​​​​ ។​ការនេះ​ធ្វើ​ឲ្យ​មាន​ក្ដីងឿង​ឆ្ងល់ថា​ តើអ្នកទាំង​នោះ​ជាពួកចោរ​ ឬ ម​ន្ត្រីសាធារណៈ​របស់រដ្ឋ ?
ប្រជាពលរដ្ឋ​​ដែល​​សុំ​​លាក់​ឈ្មោះ​​ព្រោះ​តែ​ការ​ព្រួយ​​បារម្ភ​ពី​សុវត្ថិភាព​ បាន​​និយាយ​ថា ​ ពួក​គាត់​បាន​ប្រើប្រាស​​ទូរស័ព្ទ​ដៃ ដើម្បី​​ផ្ដិត​​យក​​រូបភាពទាំង​​នោះ ទុក​​ឲ្យ​​អ្នកសារព័ត៌មាន​ តែ​ត្រូវ​បាន​​គេ​ចាប់​​យក​ទូរស័ព្ទ ហើយ​លុប​​រូបភាព​ទាំង​អស់​នោះ​​ចោល​វិញ​ ហើយ​គម្រាម​មិន​​ឲ្យ​​ថត​​បន្តទៀត​ ។​ ករណី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​​និយាយ​​ថា ​ប្រសិន​​បើ​អ្នក​ទាំង​​នោះ​ជា​មន្ត្រី​សាធារណៈ​​របស់​រដ្ឋ​ គួ​រ​តែ​ត្រូវ​បាន​អ្នក​​នុវត្តន៏​ការងារ​​​នេះ​ ដោយ​តម្លាភាព​​ ស្រប​ច្បាប់​ ដោយ​មិនគួរលាក់លៀម​ញញើត​​ញញើម​​បែប​​​នេះ​ទេ . ​បើ​មិន​អញ្ចឹង​​អ្នក​ទាំង​​នោះ​​គឺ​ជា​​ពួកចោរ ?
ក្រុម​ប្រជាពលរដ្ឋ​​ជាង​១រយគ្រួសារ​​រស់​នៅ​៣ភូមិ​​ក្នុង​សង្កាត់​​ ចោម​ចៅ​ ខណ្ឌ ពោធិ៏សែនជ័យ ​ដែល​ខ្លះ​​រស់​​នៅ ៥​ឆ្នាំ និង ខ្លះទៀត​​១០​ឆ្នាំ ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ សង្កាត់ ខណ្ឌ ​ហើយ​ សុខ​ៗ​​ក៏​អាជ្ញាធរ​នឹក​​ឃើញ​​ដេញ​ពួក​គាត់​ដូចសត្វធាតុ​ ពេល​នេះ​​កំពុង​​​ស្វះស្វែង​​រក​យុត្តិធម៌ និង​សំណង ។
ក្រុម​មន្ត្រី​អង្គការ​សង្គម​​ស៊ីវិល​ធ្វើការ​​ទាក់ទង​​សិទ្ធិលំនៅ​​ដ្ឋាន​​បាន​​និយាយ​​ថា ​ឱសានវាទ​​នៃ​​ការ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​​ដែល​​ទុក​រយៈពេល​​មួយ​សប្ដាហ៏​​នោះ ​បាន​​បញ្ចប់​​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៏​ ហើយ​វិធាន​ការ​បែប​​នេះ គឺ ផ្ទុយ​ទាំង​ស្រុង​​ទៅ​​នឹង​​ច្បាប់​​ភូមិ​បាល​របស់​ប្រទេស​​កម្ពុជា​​។
ជា​ការ​កត់​សម្គាល់​​បញ្ហា​ដីធ្លី​​ដែល​បាន​ក្លាយ​ជា​អណ្ដាត់​ភ្លើង​​ ឆេះឆាប​កម្ពុជា​ស្ទើរ​គ្រប់​​ទី​កន្លែង​នា​ពេល​នេះ ភាគ​ច្រើន​​បណ្ដាល​មក​ពី​ការ​​រំលោភ​បំពាន​​​​របស់​អ្នក​​មាន​អំណាច ​មាន​លុយ និង រដ្ឋាភិបាល​ខ្លួន​ឯង​​តែម្ដង​ទៅ​លើ​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​​​ដោយ​ពុំ​បាន​ខ្វល់​ពី​ច្បាប់​ ៕​​​​​

No comments:

Post a Comment