Thursday, January 12, 2012

សង្គម​ស៊ីវិល​ហៅ​ចំណាត់​ការ​របស់​សាលា​ក្រុង​ទៅ​លើ​អ្នក​ភូមិបុរីកី​ឡា​ថា ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

 
ក្រុម​អ្នក​ភូមិ​បុរីកីឡា​ភាគ​ច្រើន​ជា​ស្រ្តី​និង​កុមារ​ ដែល​បាន​ឈរ​តវ៉ា​កាល​ពី​ម្សិលមិញ​​ នៅ​ខាង​មុខ​សាលា​ក្រុង បន្ទាប់​ពី​ត្រូវ​វាយ​ឲ្យ​សន្លប់​និង​​របួស​ច្រើន​នាក់ ក៏​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រមូល​ដឹក​យក​ទៅ​ឃុំ​ខ្លួន នៅ​មណ្ឌល ព្រៃ​ស្ពឺ ជាយ​ក្រុង​ភ្នំពេញ ។ ជា​ទិដ្ឋភាព​ដែល​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចាត់​ទុក​ថា ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ធ្ងន់ធ្ងរ​មិន​អាច​ទទួល​យក​បាន ។
ពលរដ្ឋ បុរីកី ឡា ដែល ត្រូវ បាន គេ ដឹក យក ទៅ ចាក់ ចោល ដូច សំរាម ឲ្យ តាំង លំ នៅ ថ្មី កណ្ដាល ទី វាល រហោ ស្ថាន

លោក ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៏ ទី១២ មករា នេះ​ថា ” ពេល​នេះ អាជ្ញាធរ​មិន​អនុញ្ញាតិ ក្រុម​សង្គម​ស៊ីវិល​ចូល​ទៅ​ឃ្លាំ​មើល​ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​ប្រមូល​យក​ ទៅ​ឃុំ​នោះ​ទេ ។ សំណើរ​របស់​ពួក​គាត់​មិន​ទាន់​បាន​ដោះ​ស្រាយ​ផង បែរ​ជា​ចាប់​ពួក​គាត់​យក​ទៅ​ព្រៃ​ស្ពឺ ។ មជ្ឍមណ្ឌល​ព្រៃស្ពឺ​ជា​កន្លែង​សម្រាប់​ដាក់​អ្នកប្រើប្រាស់​​គ្រឿង​ញៀន អ្នក​អនាធិបតេយ្យ អ្នក​ខ្ចាត់​ព្រាត់​ទេ , ពួក​គាត់​មិនមែ​ន ជា​មនុស្ស​​យ៉ាង​ហ្នឹង​ទេ  ហេតុ​អ្វី​ក៏​ភ្នាក់ងារ​រដ្ឋាភិបាល​ធ្វើ​អញ្ចឹង  ,នេះ​ជា​ការ​ប្រមាថ​កាតទាន​ប្រជាពលរដ្ឋ​​ ជា​ការ​​មើលងាយ​សិទ្ធិ​មនុស្ស​ខ្លាំង​ណាស់  , ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ខ្លាំង​ ទៅ​ៗ​..” ។
ប្រជាពលរដ្ឋ​បុរីកីឡាប្រមាណ​៤០នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ ជិត៣រយ​គ្រួសារ​ដែល​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​​ដោយ​អាជ្ញាធរ​ ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​៣មករា បាន​លើក​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​សាលា​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​​ដោះ​ស្រាយ​សំណើ​៣ចំណុច​របស់​ពួក​គេ ដែល​ក្នុង​នោះ​រួម​មាន​៖
១.ទាមទារ​ឲ្យ​ដោះលែង​គ្នា​គេ​៨​នាក់​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កាល​ពី​ ថ្ងៃ​ទី​៣​មករា ។  ២. ទាមទារ​ឲ្យ​​ក្រុម​ហ៊ុន ផានអ៊ីម៉ិច សាងសង់​អគារ​ឲ្យ​គ្រប់​១០​ល្វែង​តាម​កិច្ច​ព្រមព្រៀង សម្រាប់​ផ្ដល់​ឲ្យ​ក្រុម​អ្នក​ភូមិ​​បុរីកីឡា និង ទី​៣.ទាមទារ​ឲ្យ​អាជ្ញាធរ​សងការ​ខូចខាត​បាត់បង់​ទ្រព្យសម្បត្តិ ចំពោះ​ការ​បណ្ដេញ​ជម្លៀស​ដោយ​បង្ខំ កាល​ពី​ថ្ងៃ​ទី​៣មករា ។
ប៉ុន្តែ ពុំ​ទាន់​បាន​ទទួល​ចម្លើយ​ពី​សាលា​ក្រុង​ផង សម្រាប់​តែ​កម្លាំង​អាជ្ញាធរ ប្រមូល​ចាប់​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បោះ​ឡើង​ឡាន ដូច​ជ្រូក ដឹក​យក​ទៅ​ឃុំឃាំង​នៅ មណ្ឌល ព្រៃស្ពឺ ក្នុង​ខណ្ឌដង្កោ​​ជាយ​ក្រុង​ភ្នំពេញ  ៕

No comments:

Post a Comment