Thursday, March 1, 2012

អភិបាល​ក្រុង​បាវិត​ជាប់​សង្ស័យ​ថា​បាញ់​ប្រហារ​កម្មករ

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​បញ្ជាក់​ថា សមត្ថកិច្ច​​កំណត់​បាន​មុខ​សញ្ញា​ជនសង្ស័យ​ដែល​​ជា​ជន​ដៃ​ដល់​បាញ់​ប្រហារ​ លើ​កម្មករ​នៅ​រោងចក្រ​កៅវ៉េ (Kaoway) កាល​ពី​ជាង​មួយ​សប្ដាហ៍​មុន​នោះ​ហើយ។
២០-កុម្ភៈ-២០១២៖ កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ឲ្យ​របួស​ក្នុង​ពេល​តវ៉ា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។ (Adhoc Photo)
២០-កុម្ភៈ-២០១២៖ កម្មការិនី រោងចក្រ កៅវ៉េ (Kaoway) ដែល ត្រូវ ជន មិន ស្គាល់ មុខ បាញ់ ឲ្យ របួស ក្នុង ពេល តវ៉ា សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ខេត្ត ស្វាយរៀង។ (Adhoc Photo)
លោក​ឧប​នាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា អភិបាល​ក្រុង​បាវិត ត្រូវ​សង្ស័យ​ថា ជា​ជន​ដៃ​ដល់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​លើ​កម្មករ។ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ឡើយ គឺ​ត្រូវ​រង់ចាំ​នីតិវិធី​ពី​តុលាការ​សិន។
លោក ស ខេង៖ «ជា​ជន​សង្ស័យ ជា​ការ​សង្ស័យ​ទេ​ជន​ហ្នឹង។ ខ្ញុំ​គិត​ថា ដូច​ជា​មិន​យូរ​ទេ ពីព្រោះ​មួយ​សប្ដាហ៍។ ពីព្រោះ​យើង​ចង់​មិន​ចង់ ​ត្រូវ​ការងារ​យើង​ត្រូវ​ធ្វើ​តាម​ជំនាញ​មួយ​ច្បាស់​លាស់។ យើង​មិន​អាច​ប្រថុយ​ប្រថាន​ទេ»
លោក ស ខេង បាន​ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១២ នៅ​ក្រោយ​ពិធី​បើក​​​សិក្ខា​សាលា​លើក​ទី​៣ ​ស្ដីពី​កិច្ច​ការពារ​កុមារ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។
កាល​ពី​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មករ​រាប់​ពាន់​នាក់​បម្រើ​ការ​ក្នុង​រោង​ចក្រ​មួយ​ចំនួន​នៅ​តំបន់​ សេដ្ឋកិច្ច​ពិសេស ម៉ាន់ហាថាន់ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​រង្វាន់ និង​ប្រាក់​ថ្លៃ​បាយ។ ការ​តវ៉ា​បាន​ក្លាយ​ជា​អំពើ​ហិង្សា ដោយ​ក្រុម​កម្មករ​បាន​ចោល​ដុំ​ថ្ម​ទៅ​លើ​អាគារ​រោងចក្រ។ ភ្លាមៗ​នោះ មាន​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​ក្រុម​អ្នក​តវ៉ា​បណ្ដាល ​ឲ្យ​កម្មការិនី ៣​នាក់ នៅ​រោងចក្រ​​​ផលិត​ស្បែកជើង​​កៅវ៉េ រង​របួស៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

No comments:

Post a Comment