Sunday, March 11, 2012

នេប សារ៉ុន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ស្តីទី​ក្រុង​បាវិត​ខណៈ មិន​​ទាន់​បាន​​ចាប់​ខ្លួន ឈូក បណ្ឌិត

ប្រភព​ពី​មន្ត្រី​សាលា​ខេត្ត​ស្វាយ​រៀង​ឲ្យ​ដឹង​ថា ​លោក នេប សារ៉ុន ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រង​ស្តីទី​ក្រុង​បាវិត ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩​​មិនា​នេះ ​ខណៈ ឈូក បណ្ឌិត ​ អភិបាល​ចាស់​ ដែល​ពាក់ព័ន្ធ​សំណុំរឿង​​បាញ់​កម្មករ​​ពុំ​ទាន់​ត្រូវ​បាន​គេ​អើពើ​នោះ ។

ឈូក បណ្ឌិត ក្នុង ពេល ធ្វើ ជា អធិបតី ក្នុង ពិធី គម្រប់ ខួប ថ្ងៃ ជ័យ ជំនះ ៧ មករា របស់ បក្ស ប្រជាជន កាល ពី ពេល កន្លង ទៅ

ការ​ប្រកាស​តែងតាំង​នេះ​ បាន​ធ្វើ​ឡើង​ដោយ​យោង​​តាម​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី​​​៥​មិនា​របស់ ហ៊ុន សែន ។ ដែល​អនុក្រឹត្យ​នោះក៏​បាន​​​ផ្ទេរ​ការងារ​​ ​ឈូក បណ្ឌិត ឲ្យ​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា​មន្ត្រី​​​សាលា​ខេត្ត​ស្វាយ​រៀង​ផង​ដែរ ។

ឈូក បណ្ឌិត ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ដែល​រង​ការ​ចោទ​​ថា ​បាន​បាញ់​ធ្វើ​ឲ្យ​កម្មការិនី​​៣​​​នៃ​ រោង​ចក្រ​​កៅវ៉េ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្នុង​ក្រុង បាវិត រង​របួស​ធ្ងន់ ​អំឡុង​ការ​តវ៉ា​មួយ​កាល​ពី​ថ្ងៃ​ទី​២០​ខែ កុម្ភះ ។ ថ្វី​ត្បិត​តែ​ការ​បាញ់​មនុស្ស ជា​បទ​ល្មើស​ឧក្រិដ្ឋ តែ​គ្មាន​អ្នក​ណា​ម្នាក់​ចាប់​ខ្លួន​ជន​ល្មើស​ឡើយ​​​​បន្ទាប់​ពី​មាន​ការ​បាញ់​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ដែល​មាន​ប៉ូលិស​ឈរ​ត្រៀបត្រា​​នោះ ។

ករណី​ដូច​គ្នា​នេះ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំ​រឿង​បាញ់​ប្រហារ កាល​ពី​ខែ មករា ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ពី​បញ្ហា​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត ក្រចេះ ​កាល​ពី​ខែ មករា យ៉ាង​ហោច​ណាស់​៣​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន ​។ ក្នុង​​ចំណោម​នោះ​ម្នាក់​ជា ប្រធាន​រដ្ឋបាល និង២​នាក់​ទៀត​ជា​សន្តិសុខ នៃ ក្រុម​​ហ៊ុន TTY ដែល​គ្រប់គ្រង​​ដោយ​​មហាសេដ្ឋី ណា ម៉ាឌី​​ ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់ ជន​សង្ស័យ ឈូក បណ្ឌិត រហូត​មក​ដល់​ពេល​នេះ ​ពុំ​ទាន់​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ឡើយ បើ​ទោះ​បី​ជា​ព្រះរាជអាជ្ញា អម​សាលាដំបូង​​ខេត្ត​ស្វាយរៀង​​បាន​អះអាង​ថា​គេ​បាន​កោះ​​ហៅ​ឲ្យ​ជន​នេះ ​ចូល​ខ្លួន​បំភ្លឺ នា​ថ្ងៃ​ទី​១៦ មិនា ឆាប់​ៗ ខាង​មុខ​​​នេះ​ក្ដី ។គ្មាន​ការ​ផ្ដល់​តម្រុយ​ណា​មួយ​ពី​អាជ្ញាធរ​ថា ​ជន​ដៃ​ដល់​នេះ​នៅ​ទី​ណា​ទេ , ប៉ុន្តែ​បើ​តាម​ប្រភព​ខ្លះ​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ជន​នេះ កំពុង​​លាក់​​ខ្លួន​​នៅ​​ក្នុង​ផ្ទះ​របស់​លោក​ស្រី ម៉ែន សំអន ដែល​ជា​ឧបកនាយករដ្ឋមន្ត្រី​​ប្រចាំ​ការ​របស់​រដ្ឋាភិបាល ហ៊ុន សែន ៕​

No comments:

Post a Comment