Monday, April 23, 2012

ប្រជាជន​កូរ៉េ​ខាង​ជើង​​អំពាវនាវ​ឲ្យ​សម្លាប់​​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង

ប្រជាជន​កូរ៉េ​ខាង​ជើង​រាប់ម៉ឺន​នាក់​កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​លើ​ទីលាន​គីម​អ៊ីល​ស៊ុង​ក្នុង​ទីក្រុង​ព្យុងយ៉ាង ដោយ​អំពាវ​នាវ​ឲ្យ​សម្លាប់​លោក លី យ៉ុងបាក់ មេដឹកនាំ​កូរ៉េ​ខាង​ត្បូង ចំពោះ​ការ​ប្រមាថ​មេដឹកនាំ​របស់​ខ្លួន​អំឡុង​ពិធី​បុណ្យ​ព្រះអាទិត្យ​កាល​ពី​ចុង​សប្តាហ៍​មុន។
គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងបង្ហាញក្នុងពិធីមួយក្នុងទីក្រុងព្យុងយ៉ាង
ហ្វូង​មនុស្ស​ដែល​រួម​មាន​ទាំង​កងទ័ព​ផង បាន​សម្តែង​កំហឹង និង​គំនុំ​ចំពោះ​លោក លី យ៉ុងបាក់ ដោយ​ប្តេជ្ញា​ថា នឹង​ «បោស​សម្អាត​ក្រុម​លោក លី យ៉ុងបាក់ វាយ​កម្ទេច​សត្រូវ​មិន​ឲ្យ​មាន​ជីវិត​រស់​នៅ​លើ​ដី​នេះ និង​នៅ​ក្រោម​មេឃ»។
ជាមួយ​គ្នា​ក្រុម​អ្នក​តវ៉ា​ក៏​បាន​ប្រដូច​ក្រុម​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ទៅ​នឹង​ សត្វ​កណ្តុរ ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​មេ​ដឹកនាំ​កំពូល​កូរ៉េ​ខាង​ជើង ហើយ​បាន​ស្រែក​ថា «ត្រូវ​ហែក​ក្រុម​សត្វ​កណ្តុរ​នេះ រហូត​ដល់​ស្លាប់»។
ការ​តវ៉ា​របស់​ក្រុម​ប្រជាជន និង​កងទ័ព​កូរ៉េ​ខាង​ជើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិ​បាល​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ចេញ​ផ្សាយ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​តាម​រយៈ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ដោយ​ថា «របប​អាយ៉ង​ក្បត់​ជាតិ ត្រូវ​ធ្វើ​ការ​សុំ​ទោស​ជា​បន្ទាន់​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ ដែល​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ប្រឡូស​នូវ​ទិវា​ នៃ​ពិធី​បុណ្យ​ព្រះអាទិត្យ»។ ហើយ​ថា បើ​ពុំ​ដូច្នេះ​ទេ ប្រជាជន និង​កងទ័ព​កូរ៉េ​ខាង​ជើង​នឹង​បញ្ចេញ​កំហឹង​ដូច​ភ្នំភ្លើង​ផ្ទុះ ហើយ​ធ្វើ​សង្រ្គាម​សក្ការៈ​មួយ​វាយ​បក​ដើម្បី​បោស​សម្អាត​ពួក​ក្បត់​ជាតិ​នៅ​លើ​ដី​នេះ៕

No comments:

Post a Comment