Monday, May 14, 2012

ពល​រដ្ឋ​ចោទ​ប៉ូលិស​ស្រុក​បាទី​ថា​ដោះលែង​ជន​សង្ស័យ​លួច​គោ

ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ មាន​ការ​សង្ស័យ​ចំពោះ​ប៉ូលីស​បាន​ដោះ​លែង​មនុស្ស​ម្នាក់​ឲ្យ​រួច​ខ្លួន​ពី​ បទ​សង្ស័យ​ថា​បាន​លួច​គោ។
លោក វិជ័យ អានន្ទ មាន​សេចក្ដី​រាយ​ការណ៍​អំពី​បញ្ហា​នេះ​ថា ជន​សង្ស័យ​ពី​បទ​លួច​គោ​ម្នាក់ ត្រូវ​បាន​ម្ចាស់​គោ​តាម​ទាន់ និង​ឃាត់ទុក ហើយ​បន្ទាប់​មក​ម្ចាស់​គោ​បាន​ប្រគល់​ជន​សង្ស័យ​នោះ​ទៅ​ឲ្យ​ប៉ូលិស ប៉ុន្តែ​ប៉ូលិស​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​សង្ស័យ​នោះ​ទេ គឺ​បែរ​ជា​ដោះ​លែង​ជន​នោះ​ទៅ​វិញ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ម្ចាស់​គោ និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ​ដោយ​សារ​ចោរ​លួច​គោ​នៅ​ភូមិ​ត្រពាំងសាប ​មិន​សប្បាយ​ចិត្ត។
លោក ប៊ិន វន ជា​ម្ចាស់​គោ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា នៅ​ពេល​ដែល​លោក​កំពុង​ឡើង​ត្នោត កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា លោក​បាន​ឃើញ​បុរស​ម្នាក់​ដឹក​គោ​មួយ​នឹម។ លោក​មើល​ពី​លើ​ចុង​ត្នោត​ឃើញ​គោ​នោះ​ដូច​ជា​គោ​របស់​គាត់។ ភ្លាម​នោះ គាត់​បាន​ចុះ​ពី​លើ​ចុង​ត្នោត រួច​ដើរ​តម្រង់​បុរស​នោះ ហើយ​ក៏​សួរ​ជន​នោះ​ថា​ដឹក​គោ​ទៅ​ណា?
ក្រោយ​ពេល​យក​គោ​ទៅ​ទុក លោក ប៊ិន វន ថ្លែង​បន្ត​ថា លោក​សប្បាយ​ចិត្ត​ដោយ​លោក​បាន​ទទួល​គោ​របស់​លោក​មក​វិញ ប៉ុន្តែ​លោក​មិន​អស់​ចិត្ត​ត្រង់​ជន​សង្ស័យ​នោះ​ត្រូវ​ប៉ូលិស​ដោះ​លែង​នៅ​ ថ្ងៃ​បន្ទាប់។
ទា
ក់ទិន​នឹង​បញ្ហា​នេះ​ដែរ អ្នក​ភូមិ​ត្រពាំង​សាប​ម្នាក់​ទៀត លោក អ៊ឹម មុត ឲ្យ​ដឹង​ថា លោក​បាន​បាន​បាត់​គោ​មួយ​នឹម កាល​ពី​ខែ​មីនា​កន្លង​ទៅ។ លោក អ៊ឹម មុត បន្ថែម​ថា លោក​មិន​អស់​ចិត្ត​សោះ ចំពោះ​ការ​ដោះលែង​ជនសង្ស័យ​នោះ ហើយ​លោក​សង្ស័យ​ថា​ជន​នោះ គឺ​ជា​មនុស្ស​តែ​មួយ​ដែល​បាន​លួច​គោ​គាត់។
ទោះ​យ៉ាងណា នាយរង​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រពាំងសាប លោក ម៉ែន វណ្ណា អះអាង​ថា ករណី​នេះ ជា​ការ​យល់​ច្រឡំ​ទេ តាម​ពិត បុរស​នោះ​ត្រូវ​បាន​ម្ដាយ​ប្រើ​ឲ្យ​ទៅ​ដឹក​គោ។ គាប់​ជួន​គោ​នោះ​នៅ​ក្បែរ​គ្នា ហើយ​បាន​បន្ត​ថា បើ​ចង់​ដឹង​ច្បាស់​ពី​បញ្ហា ឲ្យ​ទាក់​ទង​ទៅ​លោក​មេ​ប៉ុស្តិ៍​ឃុំ​ត្រពាំង​សាប។
វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​អំពី​រឿង​នេះ​ពី​ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រពាំងសាប គឺ​លោក ណុប សាវឿន នៅ​រសៀល​ថ្ងៃ​ទី​១១ ឧសភា ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន៕

No comments:

Post a Comment