Wednesday, May 30, 2012

អ្នក​ភូមិ​ឡពាង​ចូល​ធ្វើ​ស្រែ​លើ​ដី​ទំនាស់​ចំ​ពេល​គ្មាន​ការ​រារាំង

ភ្នំពេញៈ ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ខេឌី​ស៊ី​អន្តរជាតិ​ របស់​ភរិយា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូល​គ្នា​មកធ្វើ​ស្រែ​លើដី​ទំនាស់​ឡើងវិញ ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​និង​ឆ្មាំ​​យាមដី​​ក្រុម​ហ៊ុន​ ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​គិត​ថា ជាការ​បន្ទន់ចិត្ត​ពី​ក្រុម​ហ៊ុនពេលនេះព្រោះ​​ខ្លាចបាត់​បង់​សំឡេង​​ឆ្នោត​។
លោក ផេង រុំ តំណាង​ពលរដ្ឋ​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង​ ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ពីថ្ងៃ​អង្គារ​ថា ដោយ ​សារ​ភាព​ក្រីក្រ និង​ខ្វះ​ដីធ្វើ​ស្រែ​ពលរដ្ឋ​ប្រមាណ​៤០​នាក់ ក៏​សម្រេច​ចិត្ត​នាំគ្នា​ចូលធ្វើ​ក្នុង​ដីខ្លួន​ដែល​មាន​ទំនាស់​ជាមួយ​ ក្រុមហ៊ុន​របស់លោកស្រី
ជា ខេង ភរិយា​លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាមពល​កាល​ពី​ថ្ងៃចន្ទ។
លោក​និយាយ​ថា៖ «យើងនាំ ​គ្នា​លើក​ភ្លឺស្រែ​ឡើង​វិញ ព្រោះ​គេបាន​ឈូស​អស់ហើយ។ យើង​ខាន​ធ្វើស្រែ​លើ​ដីនេះ​យូរហើយ​តាំងពី​ ២០០៩​ មក។ នេះ​អ្នក​យាម​ដី​ជាយោធា មិន​ថា អីទេ គេ​គ្រាន់តែ​មើលទេ»
លោក ​បន្តថា ក្រុម​ប្រជា​ពលរដ្ឋ​នឹក​ឆ្ងល់​ដែរ ហេតុអ្វី​លើកនេះគេ​មិន​រារាំង​ ហើយ​មក​ថា​ជាដី​ក្រុមហ៊ុន​ទៀត​ យើង​យល់ថា ជា​វេលា​ដែល​គណបក្ស​នយោបាយ​រក​សំឡេង​ឆ្នោត ហើយ​ក្រុមហ៊ុន​នេះ​ មាន​ម្ចាស់​ជា​ភរិយា​មន្ត្រី​គណបក្ស​ប្រជាជន​។ ម្យ៉ាង​ក្រុមហ៊ុន​គ្មាន​អ្វី​សម្អាង​ទាំងអស់​ថា​ពិត​ជាដី​ក្រុមហ៊ុន​ទិញ​ ពី​ពលរដ្ឋ​ពិត​មែន។
លោក​ថ្លែង​ថា៖ «​គេ​មិន​ហាម​ឃាត់​យើង ព្រោះពេល​ឃោស​នា​រក​សំឡេង​ឆ្នោត គេធ្វើ​ជាស្រួល​ជា​មួយ​យើង​សិន»
ទំនាស់ដី ​ជាមួយ​ក្រុមហ៊ុន​ចាប់​ផ្តើម​កើតឡើង​នៅពេល​ដែល​ក្រុមហ៊ុន ខេឌីស៊ី បាន​ចាប់ផ្តើម​ឈូស​ឆាយ​ដី​របស់អ្នក​ភូមិ​ ១៤៥​ហិកតា​នៅក្នុង​ភូមិ​ឡពាង​ ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច។ កាលពី​ដើម​ខែ​ឧសភា​នេះ តុលាការ​ខេត្ត​កំពង់​ឆ្នាំង ក៏​បាន​កាត់ក្តី​ឲ្យ​ពលរដ្ឋ​ម្នាក់ចាញ់​ក្រុមហ៊ុន ចំពោះ​ការ​ទាមទារ​កាន់​កាប់ដី​ ៣០អា ដែល​ក្រុមហ៊ុន​បាន​រំលោភ​យក​កាល​ពីឆ្នាំ​២០០៨ ទោះបី​ជា​ពលរដ្ឋ​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​នូវប័ណ្ណ​កម្មសិទ្ធិ​លើដី​ នេះ​ក៏ដោយ ក៏​ក្រុមហ៊ុន​ មិនបាន​បង្ហាញ​ដល់​តុលាការ​ដែរ។
លោក ​ រាជ​ សីមា តំណាង​ពល​រដ្ឋ​ម្នាក់​ទៀត​របស់​ពលរដ្ឋ​ឡពាង និយាយ​ស្រដៀង​គ្នា​ដែរ​ថា ការ​ដែល​ពលរដ្ឋ​ត្រូវ​បាន​គេ​បើក​ឲ្យចូល​ក្នុង​ដី​ទំនាស់​នេះ​ គឺ​ចំ​ឱកាស​ឃោសនា​បោះឆ្នោត​។
លោក​ថា «ពេល​យើង​​ចូលធ្វើ អ្នកយាមដី​ក៏​ថា ធ្វើ​ទៅ! ទៅលើក​គ្នា​មក​ធ្វើទៅ!។ យើង​ឆ្ងល់ដែរ​ថា នេះ​ជា​ល្បិច​ក្រុមហ៊ុន​ទេឬ​
លោក​បន្ត​ថា បេក្ខ ​ភាព​មេឃុំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សួស ស៊ីផៃ ក៏​បាន​ឃោសនា​ក្នុង​ភូមិឡពាង សុំ​ឲ្យ​បោះ​ឲ្យគាត់​ដើម្បី​ឲ្យ​គាត់​ដោះស្រាយ​រឿងដី​ធ្លីនេះ​ឲ្យ​ប៉ុន្តែ​ ប្រជាជន​នឹង​មិន​ជឿ​ទេ។ លោកបន្ត​ថា៖«​យើង​លែង​ជឿ​អាជ្ញាធរ​ហើយ។ យើង​នឹង​បោះឆ្នោត​តាម​ឆន្ទៈ​របស់​យើង ដើម្បី​ដូរ​មេឃុំ​ចាស់​ ហើយ​រក​អ្នក​ដែលជួយ​យើង​ពិត​ប្រាកដ»។​
លោក សួស ស៊ីផៃ មេឃុំ​តា​ជេស ថ្លែង​ថា លោក​សង្ឃឹម​ថា គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឃុំ​តាជេស នៅ​តែ​រឹង​មាំនឹង​បាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ហើយ​ករណី​អ្នក​​ភូមិឡ​ពាង លោក​មិន​បានដឹង​ទេ ព្រោះ​លោក​ជាមេឃុំ​ថ្មី​។​
លោក ​បដិសេធ​ថា ​លោក​មិន​បាន​ឃោសនា​ឲ្យអ្នក​ភូមិ​ឡ​ពាង​បោះឆ្នោត​ឲ្យ​ហើយ​សន្យា​​ដោះ​ ស្រាយ​ជម្លោះ​ដីធ្លី​ឲ្យទេ ព្រោះ​រឿង​នេះ​ហួស​ពីសមត្ថ​ភាព​លោក​។
លោក​ថ្លែង​ថា «​ខ្ញុំ ​បាន​ឃោស​នា​នៅភូមិ​នេះមែន​ ប៉ុន្តែ​ ករណី​ដីធ្លី​មួយ​នេះ ខ្ញុំ​មិន​ហ៊ាន​សន្យា​ឡើយ ព្រោះឥឡូវ​នៅក្នុង​ដៃ​តុលា​ការ​។ បើមិន​នៅ​តុលាការ យើង​ហ៊ាន​លូកដៃ​សម្រប​សម្រួល»។​លោក​ថា រឿង​គេ​បើកឲ្យ​ពលរដ្ឋ​ធ្វើលើ​ដីគេ លោក​មិន​បាន​ដឹងទេ​ព្រោះនេះ​ជា​ដី​ឯកជន​ក្រុមហ៊ុន​។​
លោក សំ ច័ន្ទគា អ្នកសម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​ថ្លែងថា ការ​សម្រេច​ចិត្ត​ធ្វើ​លើដី​ទំនាស់ ដោយ​​សារ​តែ ភាព​ក្រីក្រ គ្មាន​ដីស្រែ ទើប​ពល​រដ្ឋ​បង្ខំ​ចិត្ត​ចូលធ្វើ។ «រដូវ​បោះឆ្នោត ក្រុមហ៊ុន​មិន​ហ៊ាន​ក្ឌុង​ក្តាំង​ទេ ខ្លាចប៉ះ​ពាល់​សំឡេង​ឆ្នោត​។

No comments:

Post a Comment