Sunday, August 5, 2012

សម័យដែកចោរ​ យុវជនខ្មែរអត់មានជំនឿទុកចិត្តខ្លួនឯងនិងប្រព័ន្ធអប់រំជាតិ

បេក្ខជនខ្លះ​​នាំគ្នា​ស្រោចទឹក​មន្ត​

បេក្ខជន​នាំគ្នា​ស្រោចទឹក​មន្ត​និង​ទិញ​វិញ្ញាសារ​ព្រាងត្រៀម​ប្រឡង​ថ្ងៃស្អែក​

​ថ្ងៃ អាទិត្យ 05 សីហា 2012

ដោយ គី សុខលីម

មុន​ថ្ងៃ​ប្រឡង​មួយ​ថ្ងៃ ​បេក្ខជន​ប្រឡង​បាក់ឌុប​នាំគ្នា​ស្រោច​ទឹកមន្ត​និង​ទិញ​វិញ្ញាសារ​ព្រាងត្រៀម​ប្រឡង​ថ្ងៃ​ស្អែក។ ការ​ពឹង​លើ​ទឹក​មន្ត​ឬ​ពឹង​លើ​វិញ្ញាសារ​ព្រាង​គឺ​ជា​រឿង​ប្រថុយ​ប្រថាន អ្វី​ដែល​ប្រាកដ​ប្រជា​នោះ​គឺ​ចំណេះ​ដឹង​ពិត​របស់​បេក្ខជន​នីមួយ​ៗ។នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ បេក្ខជន​ប្រឡង​ថ្នាក់​ទី​១២​ជា​ច្រើន​រយ​ពាន់​នាក់​បាន​មក​មើល​ឈ្មោះ​ប្រឡង​ទាំង​ហ្វូង​ៗ​នៅ​តាម​សាលា​នានា​នៅ​ទីក្រុង​ភ្នំពេញ។ ​បន្ទាប់​ពី​មើល​ឈ្មោះ​ហើយ​ ពួកគេ​នាំគ្នា​ជជែក​គ្នា​អំពី​មេរៀន​ខ្លះ​និង​ជជែក​គ្នា​អំពី​វិញ្ញាសារ​ព្រាងសម្រាប់​ការ​ប្រឡង​ថ្ងៃ​ស្អែក​ខ្លះ។

វិញ្ញាសារ​ព្រាង​សម្រាប់​ប្រឡង​បាក់ឌុប​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​តូប​លក់​សៀវភៅ​និង​លក់​កាសែត​នៅក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​លក់​វិញ្ញាសារ​ព្រាង​បាន​និយាយ​ប្រាប់​កាល​ពី​ព្រឹកមិញ​ថា ពួកគេ​លក់​វិញ្ញាសារ​ដាច់​ច្រើន​ណាស់​នៅ​ថ្ងៃ​នេះ។ សិស្ស​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ឈរ​តំរៀប​គ្នា​ចាំទិញ​វិញ្ញាសារ​ព្រាង​ត្រៀម​ប្រឡង​នៅ​ម្តុំ​វិទ្យាល័យ​បឹង​កេងកង​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។


បេក្ខជន​ខ្លះ​មមាញឹក​នឹង​ទិញ​វិញ្ញាសារ​ព្រាងប៉ុន្តែ​សិស្ស​ខ្លះទៀត​បាន​និយាយ​ប្រាប់​វិទ្យុបារាំង​ទាំង​ចុងមាត់​ចុងករ​ថា ​ពួកគេ​បាន​ទៅ​ទទួល​ទឹកមន្ត​ពី​ព្រះសង្ឃ​រួចហើយ។ ​ទទួល​ទឹកមន្ត​ពី​ព្រះសង្ឃ​អាច​ជួយ​ពួកគេ​បាន​ខ្លះ​ដូច​ជា​កុំ​អោយ​ភ័យ​ជា​ដើម។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ពន្យល់​ថា ទាំង​វិញ្ញាសារ​ព្រាង​ ទាំង​ការ​ស្រោច​ទឹក​គឺ​មិនអាច​ជួយ​បេក្ខជន​អោយ​ប្រឡង​ជាប់​ទេ។ ​ការ​ស្រោច​ទឹក​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​របស់​ខ្មែរ​តែ​ប៉ុណ្ណោះ។ រឿង​ជាប់ឬ​ធ្លាក់​គឺ​វា​ទាក់ទង​ទៅ​នឹង​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន​របស់​សិស្ស​ម្នាក់ៗ។ ​រីឯ ចំពោះ​វិញ្ញាសារ​ព្រាងវិញ ​លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា គឺ​ជា​ការ​ប្រថុយ​ប្រថាន​បំផុត។ ​ដូច្នេះ សូម​បេក្ខជន​កុំ​ពឹង​លើ​វិញ្ញាសារ​ហេង​ស៊យ​នោះ។

ការប្រឡងបាក់​ឌុប​នៅ​ក្នុងប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃចន្ទ​ស្អែក​ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ។ បេក្ខជន​ប្រឡង​បាក់ឌុប​នៅឆ្នាំនេះ​មានចំនួន​ជាង​១១​ម៉ឺននាក់។

ដើម្បី​រក្សា​ការ​ប្រឡង​អោយ​ប្រព្រឹត្ត​​ទៅ​ប្រកប​ដោយ​សច្ចយុត្តិធម៌​នោះ ​ក្រសួង​អប់រំ​បាន​ចេញ​បទ​បញ្ញត្ត​មួយ​បិទ​នៅ​តាម​មណ្ឌល​ប្រឡង​ដោយ​បញ្ជាក់​ថា ​បេក្ខជនណា​ធ្វើ​ជា​មេខ្លោង​ប្រមូល​លុយ ឬ​ណែនាំ​បេក្ខជន​ដទៃ​អោយ​ប្រមូល​លុយ​ឬ​យក​លុយ​ទៅ​អោយ​អនុរក្ស​នឹង​ត្រូង​អោយ​ធ្លាក់​ជា​ស័្វយប្រវត្តិ​​និង​ផ្អាក​មិនអោយ​ប្រឡង​រយៈ​ពេល​១​ឆ្នាំ។

បេក្ខជន​លួច​ចម្លង​ចម្លើយ​ពី​ឯកសារ​ព្រាង​នឹង​ត្រូវ​ទទួល​បាន​ពិន្ទុ​សូន្យ​ហើយ​ត្រូវ​បញ្ឈប់​មិន​អោយ​ប្រឡង​បន្ត​ទៀត​នៅក្នុង​សម័យ​ប្រឡង​នេះ​តែ​ម្តង។​ បេក្ខជនណា​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​ប្រឡង​នឹង​ត្រូវ​អោយ​ធ្លាក់​ជា​ស័្វយប្រវត្តិ​និង​ផ្អាក​មិន​អោយ​ចូល​រួម​ប្រឡង​រយៈពេល​២​ឆ្នាំ៕
http://ki-media.blogspot.com/2012/08/under-hun-xen-cambodian-children-no.html#more

No comments:

Post a Comment