Sunday, August 5, 2012

ជន​រង​គ្រោះ​ដែល​គេ​សង្ស័យ​ថា​ត្រូវ​ម្សៅ​ពុល​វៀតណាម​មាន​អាការៈ​ធ្ងន់ធ្ងរ

ដោយ វិជ័យ អានន្ទ 2012-08-05

អ្នក​ភូមិ​ម្នាក់​ដែល​គេ​សង្ស័យ​ថា ត្រូវ​ថ្នាំ​ពុល​របស់​ជនជាតិ​វៀតណាម នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ត្រូវ​គេ​បញ្ជូន​ដល់​ផ្ទះ​សាច់ញាតិ​នា​ភូមិ​ថ្មី ឃុំ​ស្វាយអំពា វិញ​ហើយ ហើយ​អាការៈ​ជំងឺ​លោក​មិន​ទាន់​បាន​សះ​ស្បើយ​នៅ​ឡើយ។

លោក ម៉ាត់ ផល្លី ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​ថ្នាំ​ពុល​នោះ បាន​ចាក​ចេញ​ពី​ភូមិ​ថ្មី ឃុំ​ស្វាយអំពា កាល​ពី​ថ្ងៃ​ទី​៣ សីហា ជា​កន្លែង​កើត​ហេតុ ត្រូវ​សាច់​ញាតិ​នាំ​មក​ដល់​ភូមិ​កំណើត​ខ្លួន​វិញ​ហើយ ហើយ​លោក​កំពុង​ស្នាក់​នៅ​ផ្ទះ​បង​បង្កើត​របស់​គាត់។

អ្នកស្រី សយ គុន្ធា ជា​ភរិយា​លោក មាត់ ផល្លី អះអាង​ថា អាការៈ​ជំងឺ​ប្ដី​របស់​អ្នកស្រី​ហាក់​មិន​បាន​ធូរ​ស្បើយ​ឡើយ នៅ​ថ្ងៃ​ទី​៤ សីហា នេះ។ ផ្ទុយ​ទៅ​វិញ​អាការៈ​ជំងឺ​របស់​គាត់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ បន្ទាប់​ពី​គាត់​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​វិញ​នោះ។

អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា ប្ដី​អ្នកស្រី​ក្អួត​ចង្អោរ​ញឹកញាប់​ជាង​កាល​ពី​ថ្ងៃ​ទី​៣ សីហា កន្លង​ទៅ ព្រោះ​ឥឡូវ​គាត់​ក្អួត ៥​នាទី​ម្ដង ឬ ៣​នាទី​ម្ដង ហើយ​តាំង​ពី​ថ្ងៃ​ទី​៣ សីហា មក គាត់​មិន​ទាន់​បាន​ហូប​បាយ​បាន​បន្តិចបន្តួច​នៅ​ឡើយ៖ «គាត់​កំពុង​តែ​ក្អួត ក្អួត​ញឹកញាប់​ណាស់​ឥឡូវ»។

អ្នកស្រី ភូ វន ជា​ម្ដាយ​លោក ម៉ាត់ ផល្លី ដែល​នៅ​ថែទាំ​លោក មាត់ ផល្លី នៅ​ឯ​មន្ទីរពេទ្យ អ្នកស្រី​បង្ហាញ​ការ​ងឿង​ឆ្ងល់​ថា មិន​ដឹង​មក​ពី​មូលហេតុ​អ្វី​បាន​ជា​កូន​អ្នកស្រី​ចេះ​តែ​ក្អួត​រហូត​ឥត​ឈប់​ ឈរ តាំង​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។

អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​បាន​ចូល​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មួយ​យប់ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៤ សីហា អ្នកស្រី​ត្រូវ​បង្ខំ​ចិត្ត​បញ្ជូន​កូន​ចេញ​ពី​មន្ទីរពេទ្យ​នោះ បើ​ទោះ​បី​កូន​អ្នកស្រី​នៅ​មិន​ទាន់​ធូរ​ស្បើយ​ពី​ជំងឺ​ក៏ដោយ ព្រោះ​អ្នកស្រី​គ្មាន​លុយ​ឲ្យ​ថ្លៃ​ថ្នាំពេទ្យ៖ «ខ្ញុំ​សុំ​គេ​យក​មក​ផ្ទះ ព្រោះ​អត់​លុយ​មើល»។

លោក ម៉ាត់ ផល្លី ត្រូវ​គេ​សង្ស័យ​ថា លោក​ត្រូវ​ថ្នាំ​ពុល​របស់​ជនជាតិ​វៀតណាម​ម្នាក់ ដែល​អ្នក​ភូមិ​អះអាង​ថា ជា​មនុស្ស​ចម្លែក​ដែល​ចូល​ទៅ​ក្នុង​ភូមិ​ថ្មី ហើយ​មាន​បំណង​ចង់​ចាប់​ក្មេង​កំពុង​ឃ្វាលគោ​ក្បែរ​ភូមិ​នោះ បន្ទាប់​ពី​លោក​បាន​រត់​ទៅ​ជួយ​ឃាត់​បុរស​ជនជាតិ​វៀតណាម ឲ្យ​ឈប់​ដេញ​ក្មេងៗ​ទាំង​នោះ។

ទោះ​យ៉ាង​ណា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ ច្បាស់លាស់​នៅ​ឡើយ ទាក់ទង​នឹង​ការ​សង្ស័យ​របស់​អ្នក​ភូមិ​ថា លោក ម៉ាត់ ផល្លី ត្រូវ​ថ្នាំ​ពុល ឬ​យ៉ាង​ណា​នោះ​ទេ។ ចំណែក​ឯ​ក្រុម​គ្រូពេទ្យ​កាល់ម៉ែត ដែល​សាច់​ញាតិ​លោក ម៉ាត់ ផល្លី បាន​នាំ​យក​ទៅ​នោះ ក៏​មិន​បាន​បញ្ជាក់​ថា លោក ម៉ាត់ ផល្លី ត្រូវ​ថ្នាំ ឬ​យ៉ាង​ណា​នៅ​ឡើយ​ដែរ។

កាល​ពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១២ អ្នក​ភូមិ​នៅ​ឃុំ​ស្វាយអំពា ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បាន​ផ្អើល​ឆោឡោ​ថា មាន​ជនជាតិ​វៀតណាម ដេញ​ចាប់​ក្មេង ហើយ​អ្នក​ភូមិ​ទាំង​នោះ​បាន​ព័ទ្ធ​ចាប់​ជនជាតិ​វៀតណាម​រូប​នោះ ហើយ​វាយ​យ៉ាង​ខ្លាំង​រហូត​បុរស​ជនជាតិ​វៀតណាម នោះ​សន្លប់។

អ្នក​ភូមិ​អះអាង​ថា ជនជាតិ​វៀតណាម​រូប​នោះ​បាន​ប្រើ​ថ្នាំ​ពុល​បាញ់​លើ​អ្នក​ភូមិ ហើយ​អ្នក​ភូមិ​ដែល​ត្រូវ​ថ្នាំ​ពុល​ខ្លាំង​ជាង​គេ គឺ​លោក ម៉ាត់ ផល្លី ដោយហេតុ​ថា គាត់​បាន​ចូល​កៀក​នឹង​ជនជាតិ​វៀតណាម នោះ​ជាង​គេ។

ទាក់ទង​នឹង​រឿង​រ៉ាវ​ល្បី​ថា មាន​មនុស្ស​ចាប់​ក្មេង​នេះ អ្នក​ភូមិ​ថ្មី ឃុំ​ស្វាយអំពា ស្រុក​មុខកំពូល មួយ​ចំនួន​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ករណី​នេះ បើ​ទោះ​បី​ជា​មាន​អាជ្ញាធរ​ធ្លាប់​បាន​បញ្ជាក់​ថា គ្មាន​ករណី​នេះ​កើត​ឡើង​ក៏ដោយ៕

No comments:

Post a Comment