Monday, December 26, 2011

បដិវត្តន៍​ដប​សាំង បដិវត្តន៍​ដីធ្លី !

    
ការ​យក​សាំង​មួយ​ដប់ ចាក់​ដុត​ខ្លួន ព្រោះ​តែ​រឿង​តូច​ចិត្ត ដោយ​​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​អំពើ​ពុក​រលួយ​ដោយ​យុវជន​ទុយ​ណេស៊ី​កាល​ពី​ចុង​ឆ្នាំ​កន្លងទៅ បាន​ក្លាយ​ទៅ​ជា​បុព្វហេតុ​បដិវត្តន៏​ដែល​នាំ​ឲ្យ​​មាន​ការ​​ផ្លាស​ប្ដូរ​យ៉ាង​សម្បើម​នៅ​ពិភព​អារ៉ាប់ ។ ពោល​គឺ​យុគ​សម័យ នៃ​ពពួក​មេដឹកនាំ​ផ្ដាច់​ការ​ត្រូវ​តែ​បញ្ចប់ ​ដែល​មិន​​ត្រឹម​តែ​ទុយ​ណេស៊ី​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​វា​បាន​បន្ត​រាល​ដាល​យ៉ាង​ពុះ​កញ្ជ្រោល​ដល់ អេហ្ស៊ីប លីប៊ី ហើយ​ពេល​នេះ នៅ​ប្រទេស ស៊ីរី  , ដែល​ពលរដ្ឋ​ប្រទេស​នេះ កំពុង​ធ្វើ​​ការ​តស៊ូ​យ៉ាង​​ក្រាញននៀល​ ដើម្បី​បណ្ដេញ​មេដឹកនាំ​របស់​គេ ឈ្មោះ បាសា អាសាដ ចេញ​ពី​អំណាច ។
តាម​​ពិត​ដប​សាំង​វា​គ្រាន់​តែ​ជា​បច្ច័យ​មួយ​ប៉ុណ្ណោះដើម្បី​ជួស​ទម្លាយ​ភាព​ឈឺ​ចាប់​​​ដ៏​តានតឹង​ស្ទើរ​ប្រេះ​ទ្រូង​​របស់​ពល​រដ្ឋ​ទុយ​ណេស៊ី ​​។ ពលរដ្ឋ​ទុយ​ណេស៊ី​ដែល​​បាន​ទទួល​រង​នូវ​សេច​ក្ដី​ទុក្ខ​សោក​យ៉ាង​ដក់​ស្រាំ ពី​​អំពើ​ពុក​រលួយ​ បក្ខពួក គ្រួសារ​និយម អំពើ​ផ្ដាច់ការ  …ពី​សំណាក់​រដ្ឋាភិបាល បេន​អា​លី អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ  ហើយ​ការ​ដុត​ខ្លួន វា​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​លីប៊ី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ មួយ ដែល​ត្រូវ​តែ​បញ្ចប់​វាសនា​អំណាច​របស់​បេនអាលី ។
ពេល​នេះ​ទុយ​ណេស៊ី មាន​រដ្ឋាភិបាល​មួយ​ថ្មី​ហើយ  ពលរដ្ឋ​ប្រទេស​នេះ បាន​ញញឹម​ញញែម ចំពោះ​សមិទ្ធផល ដែល​​គេ​ទទួល​បាន ដែល​វា​បាន​ក្លាយ​ទៅ​ជា​សារ​ប្រាប់​ពិភព​លោក​ថា គ្មាន​ជ័យ​ជំនះ​ណា​ដែល​កើត​ឡើង​ ដោយ​ពុំ​មាន​ការ​តាំង​ចិត្ត​​និង​​​ពលិកម្ម​នោះ​ទេ ។ មាន​ន័យ​ថា ពួក​មេដឹក នាំ​ផ្ដាច់​ការ​និង​ពុក​រលួយ គេ​នឹង​មិន​ចុះ​ចេញ​ពី​អំណាច ដោយ​សម្លេង​ទាមទារ​ស្រួល​ៗ​របស់​មហាជន​ឡើយ ។ នោះ​មាន​តែ​ម្យ៉ាង​គត់​គឺ​ការ​ធ្វើ​បដិវត្តន៍។ ហើយ​បដិវត្តន៏​ទុយណេស៊ី ដែល​គេ​ឲ្យ​ឈ្មោះ​ថា បដិវត្តន៏ផ្កាម្លិៈ​​នោះ បាន​ធ្វើ​ជា​គម្រូ​ប្រកប​ដោយ​ជោគ​ជ័យ​ភ្លាម​ៗ​ផង​ដែរ សម្រាប់​​ពលរដ្ឋ​អេហ្ស៊ីប ក្នុង​ការ​ក្រោក​ឡើង បណ្ដេញ​មេដឹកនាំ​របស់​គេ ឈ្មោះ​ហូស្នី មូ​បារ៉ាក់ ។
ចំណែក​ភាព​រង​គ្រោះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ​វិញ ត្រូវ​គេ​មើល​ឃើញ​ថា ​ហាក់​​មាន​ទម្ងន់​ធ្ងន់​ធ្ងរ ជាង​ទុយ​ណេស៊ី​ទៅ​ទៀត  ។ ធ្ងន់​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​ពេល​នេះ ពុំ​មែន​រង​គ្រោះ​ដោយ​សារ​តែ​អំពើ​ពុក​​រលួយ គ្រួសារ​និយម បក្ខ​ពួក​និយម តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ  , អ្វី​ដែល​សំខាន់​នោះ​គឺ​ដំណើរ​ទៅ​រក​ការ​បាត់​បង់​ប្រទេស​ទាំង​មូល​ក្រោម​ដៃ​រដ្ឋាភិបាល​​បច្ចុប្បន្ន​តែ​ម្ដង​។ចុះ​ហេតុ​អី្វ​ក៏​យើង​ពុំ​មាន​វាសនា​ដូច​ទុយ​ណេស៊ី ?
យោង​តាម​របាយការណ៍​​ចុង​ក្រោយ​ របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ចេញ​ផ្សាយ កាល​ពី​ចុង​សប្ដាហ៏​កន្លង​ទៅ​នេះ​ថា មិន​ដល់​រយៈ​ពេល​៤​ឆ្នាំ​ផង​ គឺ​ចាប់​ពី​ឆ្នាំ​២០០៨​ដល់​២០១១ រដ្ឋាភិបាល បាន​ធ្វើ​សម្បទាន​ដីធ្លី ដែល​ក្នុង​នោះ មាន​រាប់​បញ្ចូល​ទាំង​ផ្ទៃ​ដី​ព្រៃ​ឈើ តំបន់ រ៉ែ ដល់​ទៅ​ជាង ៧លាន​ហិកតារ​ ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន ចំនួន ២២២ ទាំង​ក្នុង​និង​ក្រៅ​ស្រុក ។
ការ​ធ្វើ​សម្បទាន​និង​វិនិយោគ​​ដីធ្លី​រយៈ​ពេល​វែង ដែល​ជា​ភាសា​ពីរោះ​​ស្ដាប់​​ដើម្បី​បិទ​​បាំង​ដល់ ការ​លក់​ដី​ខ្មែរ​តាម​របៀប​ឆៅ​ៗ​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ជីវភាព រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។ ហើយ​ការ​ក្រោក​ឡើង​ប្រឆាំង​តវ៉ា បាន​កើត​មាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង ទូទាំង​កម្ពុជា ។
ដោយ​សារ​តែ​ការ​បាត់​បង់​ផ្ទះ​សម្បែង​ តាម​រយៈ​គម្រោង​វិនិយោគ​តំបន់​បឹង​កក់ ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ​អ៊ីន កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ មន្ត្រី​ប៉ូលិស​ម្នាក់ បាន​លោត​ទឹក​សម្លាប់​ខ្លួន ក៏​ដូច​ជា​ការ​ក្រោក​ឡើង​​តវ៉ា​​ជា​ក្រុម​ៗ​ច្រើន​ទៀត​ដោយ​ពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់ ប្រឆាំង​​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​សម្បទាន​ដី​​នៅ​​តំបន់ ព្រៃ​ឡង់​ទៅ​ឲ្យ​ក្រុម​ហ៊ុន យួន ។ ការ​បាត់​បង់​ព្រៃ​ឡង់​នឹង​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ប្រមាណ​៤​ខេត្ត​​ដែល​នៅ​ជាប់​ព្រៃឡង់ បាត់​បង់​មុខរបរ បាត់​បង់​ជីវភាព ដែល​ប្រៀប​បាន​នឹង​ការ​សម្លាប់​ពួក​គេ ។ ហើយ អ្វី​ដែល​អាក្រក់​បំផុត​​ក្រុម​ហ៊ុន​​យួន​ទាំង​នោះ វា​បាន​បញ្ជូន​កម្មករ​របស់​​វា មក​ឲ្យ​​បំរើ​ការ ​ដែល​ជា​ការ​បង្ហាញ​​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​នយោបាយ​លេប​ទឹក​ដី​ខ្មែរ​របស់​យួន  គឺ​នៅ​ពេល​​ដែល​គេ​​ដណ្ដើម​បាន​ឆ្នាំង​បាយ​ហើយ​ សម្លាប់​ខ្មែរ​បណ្ដើ​ៗ គេ​ក៏​បាន​ដាក់​ជំនួស ពលរដ្ឋ​របស់​គេ មក​លើ​​ដី​ខ្មែរ​​ជា​បណ្ដើរ​ៗ​ដែរ ។
ប៉ុន្តែ​ការ​ក្រោក​ឡើង​ប្រឆាំង​របស់​ពលរដ្ឋ​ខ្មែរ​​ហាក់​ដូច​​គ្រាន់​តែ​ជា​ការ​រំភើប​មួយ​ភ្លែត​ៗ និង​នៅ​រាយប៉ាយ​រក​ចំណុច​ប្រសព្វ​គ្នា​​​ឲ្យ​ពុំ​ឃើញ​ឡើយ​ ដែល​ជា​ញយ​ដង តែង​តែ​ទទួល​រង​បរាជ័យ ពី​ការ​បង្ក្រាប​​ដោយ​អាជ្ញាធរ​យ៉ាង​ព្រៃ​ផ្សៃ​បំផុត ។ ដូច្នេះ​ដើម្បី​ភាព​​ជោគជ័យ ដើម្បី​​កម្ពុជា​ទទួល​បាន​ទំព័រ​ថ្មី  ចាក​ផុត​ពី​សេចក្ដី​ទុក្ខ​សោក​​ដែល​យើង​គ្រប់​គ្នា​បាន​ទទួល​អស់​រយៈ​ពេល​​ជាង​​៣០​ឆ្នាំ​មក​នេះ  យើង​គួរ​តែ​សម្លឹង​មើល​​ការ​បដិវត្តន៍​របស់​ទុយ​ណេស៊ី ដោយ​​យក​ការ​ឈឺចាប់ សេចក្ដី​ទុក្ខ​សោក​របស់​ជនជាតិ​​យើង ជា​សេចក្ដី​ទុក្ខ​​សោក​រួម ហើយ​វេញ​គ្នា​ជា​ធ្លុង​​ឲ្យ​​ទៅ​ជា​កម្លាំង​ឯកភាព​ជាតិ​តែ​មួយ​ស្ទុះ​ក្រោក​ឈរ​ឡើង ។ បើ​ខ្មែរ​​ស្រុស​គ្នា នោះ​អាជ្ញាធរ ហ៊ុន សែន មិន​​អាច​ធ្វើ​​អ្វី​យើង​បាន​ទេ ហើយ​យើង​នឹង​ទទួល​បាន​ជ័យ​ជំ​នះ ជាក់​ជា​មិន​ខាន​ , មិន​មែន​ជ័យជម្នះ​​ដែល​ផ្ដើម​ចេញ​ពី​ដប​សាំង​ដូច​នៅ​ទុយ​ណេស៊ី​ តែ​ជា​ជ័យជម្នះ​​ដែល​​ផ្ដើម​ចេញ​ពី​បដិវត្តន៍​ដី​ធ្លី ៕

No comments:

Post a Comment