Monday, December 26, 2011

ឈាម​ខ្មែរ​​នៅ​តែ​បន្ត​ហូរ​​ក្រោម​ពាក្យ​ជ័យ​យោ​កម្ពុជា-សៀម !

   វា​ជា​ដំណឹង​ដ៏​សោក​សៅ​មួយ​សម្រាប់​​ពលរដ្ឋ​ខ្មែរ នៅ​ពេល​​ឮ​ថា ជន​រួម​ជាតិ​របស់​ខ្លួន ៣នាក់​ទៀត ​ហើយ​​ត្រូវ​បាន​ទាហាន​សៀម​បាញ់​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ក្នុង​ទឹក​ដី​សៀម​ជាប់​ព្រំដែន​ខេត្ត ឧត្តរ​មានជ័យ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ថ្មី​ៗ​​ ។
អំ​ពើ​ព្រៃ​ផ្សៃ​អមនុស្សធម៌​បែប​នេះ របស់​ទាហាន​សៀម​មក​លើ​ពលរដ្ឋ​ខ្មែរ គេ​ឃើញ​​កើត​មាន​យ៉ាង​ញឹកញាប់ អំឡុង​
រដ្ឋាភិបាល​សៀម​គ្រប់គ្រង​ដោយ​នាយក​រដ្ឋមន្ត្រី​ អាប់​ភីស៊ីត ​វា​ចា​ជីវ៉ា ។ គ្រា​នោះ​បើ​ទោះ​បី​ជា​មាន​ការ​ស្លាប់ ក៏​ទម្ងន់​នៃ​ក្ដី​រន្ធត់ ហាក់​ដូច​ជា​ពុំ​សូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ដោយ​​ខ្មែរ​គ្រប់​រូប​គិត​ថា ធ្វើ​ម៉េច រដ្ឋាភិបាល​ទាំង​ពីរ​ជា​សត្រូវ​នឹង​គ្នា ដូច្នេះ​​ក្ដី​សម្អប់ ការ​ឈ្នានីស​កាប់​សម្លាប់​គ្នា តែង​​កើត​មាន​អញ្ចឹង​​ ។
ប៉ុន្តែ​ពេល​នេះ​ទំព័រ​អាប់ភីស៊ីត​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ហើយ ។ អំឡុង​ទស្សនកិច្ច​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​របស់ នាយក​រដ្ឋមន្ត្រី​ថ្មី​សៀម លោក​ស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា ជា​ប្អូន​បង្កើត​របស់​ថាក់​ស៊ីន មិត្ត​ចាក់​ទឹក​​មិន​លិច​របស់ ហ៊ុន សែន , រដ្ឋាភិបាល​ក៏​បាន​ប្រកាស​នូវ​ពាក្យ ជយោ! កម្ពុជា-ថៃ  ។ ជា​មួយ​ការ​លើក​ទម្យើរ​ថា រដ្ឋាភិបាល​ថ្មី​របស់​សៀម​នេះ នឹង​ផ្ដើម​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​កម្ពុជា ទាំង​បញ្ហា​ប្រាសាទ ព្រះវិហារ ព្រំដែន និង បញ្ហា​ផ្សេង​ៗ​ទៀត..។ ពោល​សម្រាប់​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​គឺ​នឹង​គ្មាន​ដំណឹង ពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​របៀប​ឆៅ​ៗ​ដោយ​ទាហាន​សៀម ដូច​មុន​ទៀត​ទេ ។ រដ្ឋាភិបាល​ទាំង​ពីរ​អាច​យោគ​យល់​គ្នា​បាន ។ ប៉ុន្តែ​មិន​ដូច្នេះ​ឯណា តាំងតែពី យីង ឡាក់ ឡើង​គ្រប់​គ្រង​អំណាច​​មក ឈាម​ខ្មែរ​ក៏​នៅ តែ​បន្តរ​ហូរ​ដដែល មិន​ឈប់ឈរ មិន​ខុស​ពី​រដ្ឋាភិបាល​សៀម​កាល​​គ្រប់​គ្រង​ដោយ​អាប់ភីស៊ីត ប៉ុន្មាន​ឡើយ​ ។
ផ្ទុយ​ទៅ​វិញ​ជា​​មួយ​​​​អ្វី​ដែល​គេ​កត់​សម្គាល់​ឃើញ ប្រសិទ្ធិភាព​ដែល​ផ្ដើម​ពី​ពាក្យ​យោគយល់​នោះ គឺ​ចាប់​តាំង​ពី​ រដ្ឋាភិបាល​សៀម​គ្រប់គ្រង​ដោយ​​ យីង ឡាក់ រាល់​ការ​បាញ់​សម្លាប់ ឬ​ធ្វើ​ទារុណ​កម្ម​មក​លើ​ពលរដ្ឋ​ខ្មែរ​ដោយ​ទាហាន​សៀម គេ​ពុំ​សូវ​ឃើញ​ក្រសួង​​ការ​បរទេស​ខ្មែរ​ចេញ​កំណត់​ទូត ឬ​ រក​យុត្តិ​ឲ្យ​ជន​រង​គ្រោះ​ឡើយ ខណៈ​កាល​​ពី​រដ្ឋាភិបាល អាប់ភីស៊ីត ម្ដង​ម្កាល គេ​ឃើញ​មាន​ការ​ចេញ​កំណត់​ទូត ថ្កោល​ទោស ទង្វើ​ដ៏​ព្រៃ​ផ្សៃ​របស់​ទាហាន​សៀម​នោះ , តើ​នេះ​ឬ​ជា​ការ​​យល់​យោគ ? ។ ​គឺ​វា​ពិត​​ជា​រឿង​ដ៏​ខក​ចិត្ត​បំផុត សម្រាប់​ពលរដ្ឋ​ខ្មែ រ​ទូ​ទៅ  ដែល​គួរ​តែ​មាន​រដ្ឋាភិបាល​មួយ​​ចេះ​យក​អ​សា​ការ​ពារ​ខ្លួន។
ប៉ុន្តែ​គ្មាន​ទេ ជា​ញយ​ដង​ពលរដ្ឋ​ក្រីក្រ​ខ្មែរ​ត្រូវ​បាន​សៀម​សម្លាប់​តាម​គ្រប់​រូប​ភាព​ ក្រៅ​ប្រព័ន្ធ​ច្បាប់​​ ​ដែល​ជន​ប្រព្រឹត្ត​​ពុំ​​ដែល​ត្រូវ​បាន​គេ​ថ្កោល​ទោស​ឡើយ ។ ​ក្នុង​នោះ រូប​ភាព​សម្លាប់​ដ៏​សាវ​បំផុត​​គឺ​ការ​កាត់ ក្បាល​កម្មករ​ខែ្មរ​ម្នាក់ នៅ​ចំការ​ធុរេន ក្នុង​ខេត្ត​រ៉ាក់យ៉ង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន និង ការ​ចង​​ដុត​​ពលរដ្ឋ​ខ្មែរ​ទាំង​រស់​​ដោយ​ទាហាន​សៀម ក្នុង​ឆ្នាំ​នេះ។ល។និង។ល។​ ទង្វើ​ទាំង​នេះ​របស់​ពួក​ទាហាន​​សៀម ​វា​គឺ​ជា​រឿង​ដ៏​អមនុស្ស​ធម៌​បំផុត ដែល​មិន​អាច​​អត់ឱន​ឲ្យ​បាន​ឡើយ ។
ទាក់​ទង​បញ្ហា​នេះ​បើ​តាម​​មជ្ឈដ្ឋាន​ពួក​អ្នក​វិភាគ​ខ្លះ​មើល​ឃើញ​​ថា ភាព​មិន​ឈឺ​ឆ្អាល​ចំពោះ​មរណៈ​ភាព​ពលរដ្ឋ​ខ្លួន របស់​រដ្ឋាភិបាល​ខ្មែរ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​នេះ​បាត់​តម្លៃ​​ជា​​​តំណាង ឲ្យ​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​កត្តា​ជួយ​សម្រួល​​ឲ្យ​មាន​ការ​កាប់​សម្លាប់​​ជន​ជាតិ​ខ្មែរ ដោយ​ទាហាន​សៀម​ផង​ដែរ ។ ព្រោះ​ការ​សម្លាប់​​ដោយ​គ្មាន​ការ​​ប្រឆាំង​តប​ត​រក​យុត្តិធម៌ វា​នឹង​នាំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​ម្ដង​ហើយ​ម្ដង​ទៀត ។
ដូច្នេះ​​ពាក្យ “​ជយោ!​” របស់​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​រដ្ឋាភិបាល​ថ្មី សៀម មានន័យ​​អ្វី​ទៀត​ទៅ ? បើ​ ​ឈាម​ខ្មែរ​នៅ​តែ​ហូរ​ដោយ​ចុង​កាំ​ភ្លើង​សៀម , ពលរដ្ឋ​​ខ្មែរ​​ជា​បន្តបន្ទាប់​នៅ​តែ​ត្រូវ​បាន​គេ​សម្លាប់​ដូច​សត្វ​ធាតុ​នោះ ៕

No comments:

Post a Comment