ដូចពាក្យបុរាណខ្មែរដែលថា ” គោដំបៅខ្នង ក្អែក ហើររំលងរសាយកន្ទុយ “នោះ ដូចគ្រាមុនៗដែរ នៅក្នុងពិធីសម្ពោធបើកការដ្ឋាន កែលម្អ និងសាងសង់ផ្លូវ ប្រវែងជាង៥រយគីឡូម៉ែត្រ ដោយមានប្រាក់រដ្ឋាភិបាលតិចតួច ភាគច្រើនជាកម្ចីបរទេសកាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ ហ៊ុន សែន បាននិយាយតាមរបៀបអ្នកចេះដឹងថា” នៅលើពិភពលោកនេះ គ្មានរដ្ឋាភិបាលណាយកលុយជំនួយ ទៅចែកឲ្យរាស្ត្រគេ ផ្ទាល់ៗនោះទេ..” ។ ដែលគាត់ចង់និយាយថា រាល់ជំនួយបរទេសទាំងអស់គឺត្រូវតែយកទៅធ្វើការអភិវឌ្ឍន៍តាមរយៈដៃរដ្ឋាភិបាល ហើយ រាស្ត្រជាអ្នកទទួលផលប្រយោជន៍បន្តពីនោះ ។
ការលើកឡើងបែបនេះរបស់នាយករដ្ឋមន្ត្រីខ្មែរ គឺជាផ្នែកឆ្លើយតបចំពោះការរិះគន់ដោយចំៗពីក្រុមអង្គការសង្គមស៊ីវិល ទាំងក្នុងនិងក្រៅស្រុក ក៏ដូចជាបក្សប្រឆាំង ដែលម្ដងហើយម្ដងទៀតតែងតែលើកឡើងថា បើសិនជាគេយកលុយជំនួយ លុយកម្ចី ទៅបែងចែកឲ្យរាស្រ្តខ្មែរ ផ្ទាល់ៗវិញម្ល៉េះរាស្រ្តខ្មែរ មិនក្ររហាមដូចសព្វថ្ងៃនេះទេ ។
តាមពិតទៅស្ដាប់មួយភ្លែតសេចក្ដីថ្លែងរបស់ ហ៊ុន សែន ហាក់ដូចមានភាពត្រឹមត្រូវណាស់ ព្រោះថា ប្រទេសដែលកំពុងអភិវឌ្ឍន៍ ភាគច្រើនចៀសមិនផុតទេ ពីការខ្ចីបុលបរទេស ដើម្បីយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើយ ។ ក្នុងនោះមានដូចជាការ យកមកសាងសង់សាលារៀន , ប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រជាដើម ។ ការនេះសូម្បីតែអាមេរិកដែលជាប្រទេសមហាអំណាច ពិភពលោកពេលខ្លះក៏ទាមទារឲ្យមានការរកលុយពីខាងក្រៅដើម្បីដោះទ័លដែរ ។ នេះជារឿងដែលចៀសមិនផុតឡើយ , ហើយពលរដ្ឋរបស់គេក៏នឹងទទួលបានបច្ច័យពីការអភិវឌ្ឍន៍ទាំងនោះ ដោយគ្មានរដ្ឋាភិបាលណា យកលុយទៅចែកឲ្យតាមគ្រួសារនីមួយៗដើម្បីធ្វើមាន បាន ទេ ។
ប៉ុន្តែគេកត់សម្គាល់ឃើញថា ការខ្ចីរបស់ប្រទេសទាំងនោះគឺធ្វើឡើង ក្នុងគោលដៅដោះទ័ល មួយគ្រាៗក្នុងកាលៈទេសៈដែលប្រទេសរបស់គេជាប់គាំងខាងសេដ្ឋកិច្ចម្ដងម្កាលតែប៉ុណ្ណោះ។ហើយការយកលុយកម្ចី លុយជំនួយទៅប្រើប្រាសទៀតសោត គឺធ្វើដោយស្មោះត្រង់ សុចរិត ប្រកបដោយមនសិកាជាតិខ្ពស់ ។ តួយ៉ាងប្រទេសសឹង្ហបុរី ដែលទើបបញ្ចប់ការខ្ចីប្រាក់ពីបរទេសកាលពី១០ឆ្នាំមុន នេះ , បច្ចុប្បន្នសិង្ហបុរីបានសាងសេដ្ឋកិច្ចរបស់ខ្លួន ឲ្យក្លាយជាកូននាគអាស៊ី គួរឲ្យកោតសរសើរ ។ ដែលក្នុងនោះប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋគេ ក្នុងមួយឆ្នាំមានប្រមាណជាង៤ ម៉ឺន ដុល្លារ ។ពោលគឺពលរដ្ឋសិង្ហបុរីទទួលបានចំណូលជាមធ្យមប្រមាណជាង១រយដុល្លារក្នុង១ថ្ងៃ ។
ការអភិវឌ្ឍន៍ប្រទេសដូចនេះបាន មួយចំណែកក៏ដោយសាតែរដ្ឋាភិបាលសិង្ហបុរី បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការប្រឆាំង គ្មានប្រណីរាល់ទម្រង់នៃអំពើពុករលួយ ។ ក្នុងនោះបើអ្នកដែលត្រូវបានរកឃើញមានការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ត្រូវប្រឈមចំពោះទោសរហូតដល់ការប្រហារជីវិតទៀតផង ។ មិន ខុសគ្នាពីចិននិងយួនប៉ុន្មានឡើយ ។ គឺក៏ព្រោះតែគេគិតថា អំពើពុករលួយជាឧបសគ្គសំខាន់បំផុតចំពោះការអភិវឌ្ឍន៍ ។ ចុះនៅកម្ពុជាវិញយ៉ាងម៉េចដែរ ?
នៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ហ៊ុន សែន នៃ បក្សប្រជាជន អស់រយៈពេលជាង ៣០ឆ្នាំមកនេះ បើទោះបីជារដ្ឋាភិបាលនេះ បានបើកមុំ បង្កើនប្រាក់កម្ចីបរទេសដែលមកដល់ពេលនេះ គេដឹងថា មានរហូតដល់ជិត៧ពាន់លានដុល្លារអាមេរិកក៏ដូចជាការលក់ធនធានប្រទេសបន្ថែមក្ដី ប៉ុន្តែគេនៅតែមើលឃើញប្រជាពលរដ្ឋខ្មែរ នៅតែស្ថិតក្នុងភាពទីទ័លក្រ ដែលមានប្រាក់ចំណូលជាមធ្យម មិនដល់១ដុល្លារផងក្នុងមួយថ្ងៃ។
បញ្ហាទាំងនេះគេដឹងគ្រប់ៗគ្នាថា គឺបណ្ដាលមកពីកង្វះសមត្ថភាព និង ឆន្ទរបស់រដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រទេសនេះងើបចាកផុតពីភាពក្រីក្រ។ ហើយផ្ទុយទៅវិញដោយសាតែករណីនេះ វាទៅជាបានផ្ដល់លទ្ធភាពឲ្យពួកអ្នកកាន់អំណាចមួយក្ដាប់តូច យកប្រទេសកម្ពុជា និង ប្រជាពលរដ្ឋ ធ្វើជាចំណាប់ ដើម្បីតែភាពមានបានរបស់ពួកគេ ។
ជាការពិតណាស់រួមទាំងប្រទេសម្ចាស់ជំនួយមួយចំនួនធំផង គេពុំបានទុកចិត្តលើរដ្ឋាភិបាលខ្មែរឡើយ។ បែបនេះព្រោះតែគេគិតថារាល់កញ្ចប់ជំនួយរបស់គេ តែងតែត្រូវបានចោមរោមរុករានដោយពួកដង្កូវពុករលួយក្នុងរដ្ឋាភិបាល ចៀសជាងការយកទៅអភិវឌ្ឍន៍ដោយត្រឹមត្រូវ ប្រកបដោយតម្លាភាព សម្រាប់បម្រើផលប្រយោជន៍ខ្មែរទូទៅ ។ ដោយសាតែបញ្ហានេះមានប្រទេសខ្លះ ជាមួយការផ្ដល់ប្រាក់ជំនួយសម្រាប់គម្រោងនានា គេក៏បានយកមកជាមួយនូវក្រុមហ៊ុន ពីប្រទេសគេដើម្បីអនុវត្តន៍លើគម្រោងនោះ , ដែលជាការបញ្ជាក់ឲ្យឃើញនូវភាពគ្មានទំនុកចិត្តមកលើរដ្ឋាភិបាលខ្មែរទាល់តែសោះ ។ បែបនេះកន្លងមកបានធ្វើឲ្យ ហ៊ុន សែន ខឹងច្រឡោតយ៉ាងសម្បើម រហូតមានលើកឡើងតាមវេទិកាសាធារណៈម្ដងហើយម្ដងទៀត ពីករណីប្រទេសខ្លះផ្ដល់ជំនួយមកហើយ តែឲ្យក្រុមហ៊ុន របស់គេ មកប្រមូលទៅវិញគ្មានសល់ ។ ដោយគាត់ចង់និយាយថា មិនបានទុកឱកាសឲ្យពួកគាត់ពុករលួយបានចំណែកលុយខ្លះផង ទេ ។
ក្នុងបរិបទនេះ បើទោះបីជារដ្ឋាភិបាល ហ៊ុន សែន បង្កើនទំហំខ្ចីបុលប្រាក់ពីបរទេសយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់បានដែរ គឺបានត្រឹមតែបង្កើនគំនរទ្រព្យសម្បត្តិដល់ក្រុមជនពុករលួយដែលជាបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ, ចំណែកប្រជាពលរដ្ឋខ្មែរនិងប្រទេសនៅតែក្ររហាមដដែល ។ គឺជាសេចក្ដីក្រីក្រដែលត្រូវបានរឹតកបន្ថែមទៀត ដោយបំណុលបរទេស , ដែលវាគឺជារឿគួរឲ្យអនិច្ចាបំផុតសម្រាប់ខ្មែរ ៕
No comments:
Post a Comment