Sunday, December 25, 2011

ហ៊ុន សែន កំពុង​ប្រឆាំង​ឆន្ទះ​មនុស្ស​ជាតិ​រឿង​បរិស្ថាន


   ពិភព​ផែនដី​​នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ បាន​ប្រឈម​ចំពោះ​ការ​ប្រែប្រួល​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​ភ័យ​ខ្លាច​។ ក្នុង​នោះ​​មាន​ដូច​ជា​រលក​ស៊ូ​ណា​មិក គ្រោះ​ទឹក​ជំ​នន់ ខ្យល់​ព្យុះ បន្ទុះ​ភ្នំ​ភ្លើង ។ល។​ និង ។ល។​ដែល​​បង្ក​​ឲ្យ​មាន​មហន្ត​រាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​សម្បត្តិ និង ជីវិត ។
កាល​ពី​ខែ​មិនា​កន្លង​ទៅ​​ប្រទេស​ជប៉ុន បាន​ទទួល​រង​ការ​បំផ្លាញ​​យ៉ាង​ខ្ទីច​ខ្ទាំ​ចំពោះ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​របស់​ខ្លួន និង បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​​ប្រមា​ជាង​១ពាន់​នាក់​ស្លាប់​បាត់​បង់​ជីវិត​ដោយ​រលក​យក្ស​ស៊ូ​ណា​មិក , ចំណែក​នៅ​ប្រទេស​សៀម ដែល​ជាប់​​ភូមិ​ផង​របង​ជា​មួយ​​ខ្មែរ​​ឯ​ហ្នេះ​វិញ​​ ក៏​មាន​ប្រមាណ​ជិត​៥រយ​​នាក់​​ដែរ​ស្លា​ប់ ដោយ​គ្រោះ​ទឹក​ជំនន់​​ដែល​ចាប់​ផ្ដើម​​កាល​ពី​​ខែ​កញ្ញា ​, ហើយ​កម្ពុជា  ក៏​ដូច្នេះ​ដែរ ។ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ខ្មែរ នៅ​តែ​បន្ត​អំពាវ​នាវ​​រក​ ជំនួយ​ដើម្បី​សង្រ្គោះ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ។ ដែល​ជា​មួយ​ការ​ស្លាប់​ប្រជា​ពលរដ្ឋ​ ប្រមាណ​​ជិត​៣រយ​នាក់ កម្ពុជា​ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា​​ខ្លួន​បាន​ខាត​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ដែរ​ បណ្ដាល​មក​ពី​គ្រោះ​ទឹក​ជំនន់​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នេះ ។
ទាំង​នេះ​គឺ​ជា​សញ្ញា​ដ៏​អាក្រក់​មួយ​​សម្រាប់​ពិភព​ផែន​ដី ដែល​ជា​ញយ​ដង​ពួក​បរិស្ថាន​​បាន​អំពាវ​នាវ​ដល់​បណ្ដា​ប្រទេស​នានា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​រាល់​​សកម្មភាព​បំផ្លាញ​​បរិស្ថាន ដែល​រួម​​មាន​ដូច​ជា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​ភាយ​ឧស្ម័ន ការ​បំផ្លាញ​ស្រទាប់​ផែន​ដី​ដើម្បី​ទាញ​យក​​រ៉ែ ដោយ​ខ្វះ មូល​ដ្ឋាន​បច្ចេក​ទេស​ជា​ដើម ។ដែល​សុទ្ធ​សឹង​តែ​ជា​ដើម​ចម​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធម្មជាតិ ។
កម្ពុជា​ដែល​ត្រូវ​បាន​គេ​កំណត់​ចូល​ក្នុង​ចង្កោម​​ប្រទេស​ដែល​បាន​ធ្វើ​សកម្មភាព​បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ ដែល​ក្នុង​នោះ​ជាក់​ស្ដែង មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏​មហន្តរាយ  ការ​រុក​រក រ៉ែ​យ៉ាង​​អនាធិបតេយ្យ ​ជា​ពិសេស​នោះ គឺ​ការ​ដែល​រដ្ឋាភិបាល​នេះ​ផ្ដល់​លទ្ធភាព​យ៉ាង​ទូលាយ​​ដល់​បណ្ដា​ក្រុម​ហ៊ុន បរទេស ក្នុង​ការ​បង្កើត​ឲ្យ​មាន​រោង​ចក្រ​វារី​អគ្គិសនី ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​យ៉ាង​​ធ្ងន់​​ធ្ងរ​​ដល់​បរិស្ថាន​ផ្ទៃ​ទឹក ត្រី ជីវ​ចម្រុះ និង ជីវិត​មនុស្ស​សត្វ ។
ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ច្រាន​ចោល​​ការ​អំពាវនាវ​នេះ ដោយ​លើក ឡើង​ថា ​វា​ជា​តួនាទី​របស់​ប្រទេស​អភិវឌ្ឍន៏ មិន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឈន៏​ដូច កម្ពុជា​ត្រូវ​ធ្វើ​​ទេ ។ ការ​នេះ​​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ​កម្ពុជា​​​ពុំ​មាន​ឆន្ទៈ​​​ក្នុង​​ការ​ចូល​រួម ទប់​ស្កាត់​បញ្ហា​បរិស្ថាន ដែល​​មនុស្ស​ជាតិ​​នៅ​លើ​ពិភព​លោក កំពុង​តែ​ព្រួយ​បារម្ភ​ឡើយ ។
ថែម​លើ​នេះ​ទៀត​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​រោង​ចក្រ​វារី​អគ្គិសនី កំចាយ គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ចិន ឯ​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៏​ម្សិល​មិញ ​ ​ហ៊ុន សែន បាន​ធ្វើ​​ការ​​វាយ​បក ទៅ​កាន់​ក្រុម​ដែល​ត្រូវ​បាន​ហៅ​ថា ” ពួក​អ្នក​បរិស្ថាន​និយម​ជ្រុល ” ថា​ការ​រិៈគន់​របស់​ពួក​គេ​​មក​លើ​បញ្ហា​បរិសា្ថន​នៅ​កម្ពុជា គឺ​ជា​ការ មើល​ដើម​ឈើ​តែ​មួយ​​ដើម ដោយ​ពុំ​បាន​សម្លឹង​មើល​​ព្រៃ​ឈើ​​ទាំង​មូល ។
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​លើក​ឡើង​ដដែៗ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​គេ​មើល ឃើញ​ថា គ្រាន់​តែ​ជាវិធី​​កាត់​បន្ថយ​សម្ពាធ​រិៈគន់​ជា​សាធារណៈ​មួយ​ប៉ុណ្ណោះនៅ​ពេល​ដែល​គេ​​ដឹង​ថា​​មាន​គម្រោង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិសា្ថន​ជា​ច្រើន​ត្រូវ​បាន ហ៊ុន សែន ស៊ីញ៉េ​ដោយ​​គ្មាន​សាញ​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន បរ​ទេស  ។ ក្នុង​នោះ​មាន​ដូច​ជា គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ទន្លេសេ សាន​ក្នុង​ខេត្ត ស្ទឹង ត្រែង , គម្រោង​បង្កើត​រោង​ចក្រ​អគ្គិស​នី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​ខេត្ត​កំពង់​សោម​ជា​​ ដើម ។
ពាក់ព័ន្ធ​ដល់​គម្រោង​សាងសង់ ទំនប់​វារី​អគ្គិសនី​សេ​សាន​កន្លង​មក ធ្លាប់​ត្រូវ​បាន​រិៈគន់​យ៉ាង​ចម្រូង​ចម្រាស់​​ពី​សហគមន៍​ពលរដ្ឋ​ខ្មែរ រស់​តាម​ដង​ទន្លេ​សេសាន ដែល​ដោយ​សា​តែ​ទំនប់​នេះ​បាន​ ឲ្យ​មាន​ការ​បម្លាស់​ទី​​របស់​​ត្រី ទឹក​ឡើង​ពណ៌​ខៀវ​មិន​អាច​​ប្រើប្រាស់​​​សម្រាប់​មនុស្ស​និង​សត្វ​ពាហនៈ​បាន ហើយ​ជា​បន្តបន្ទាប់​ពលរដ្ឋ​ទាំង​នោះ​​បាន​ផ្លាស់​ប្ដូរ​លំនៅ​ដ្ឋាន​របស់​គេ​ចេញ ។ចំណែក​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​តាម​ដង​ស្ទឹង កំចាយ ក្នុង​ខេត្ត​កំពត​វិញ ក៏​បាន​ត្អូញត្អែរ​ឲ្យ​ដឹង​ផង​ដែរ​ថា តាំង​តែ​ពី​ក្រុម​ហ៊ុន ចិន ចាប់​ផ្ដើម​សាងសង់​​ទំនប់​វារី​អគ្គិសនី​នៅ​ទី​នេះ ទឹក​ស្ទឹង បាន​ប្រែ​ពណ៌​ទៅ​ជា​ខៀវ មាន​ជាតិ កំបោរ មិន​អាច​ប្រើប្រាស់ ​បាន​ទេ …។
វា​ជា​ការ​​មើល​ឃើញ​ដូច​គ្នា​ពី​គ្រោះ​ថ្នាក់​ដល់​បរិស្ថាន​សម្រាប់​មនុស្ស​ជាតិ​និង​ពិភព​លោក កាល​ពី​សប្ដាហ៏​កន្លង​ទៅ​ថ្មី​ៗ​នេះ ព្រឹទ្ធ​សភា​អាមេរិក បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ ហាម​មិន​​ឲ្យ​​ធនាគារ​ទាំង​អស់​របស់​ខ្លួន ផ្ដល់​ឥណទាន​សម្រាប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​​ សាយ៉ាបូរី នៅ​ភាគ​ខាងជើង​​ប្រទេស​លាវ ។ ដែល​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជំហរ​របស់ ហ៊ុន សែន ទាក់ទង​ទៅ​នឹង​បំរាម​​ស្ដី​ពី​បរិស្ថាន​នៅ​ពេល​នេះ កំពុង​តែ​បាន​ប្រឆាំង​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​នឹង​បំណង​​ប្រាថ្នា របស់​មនុស្ស​ជាតិ​ទូទាំង​ពិភព​លោក ៕

No comments:

Post a Comment