Friday, January 13, 2012

ពលរដ្ឋ​នៅ​កោះកុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ

ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ជួល​ដី​ទៅ​ក្រុមហ៊ុន​ចិន ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ខេត្ត​កោះកុង។

RFA/Khe Sonorng
១០-មករា-២០១២៖ អ្នក​ភូមិ​​នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង រុះរើ​ផ្ទះ​ដើម្បី​ទៅ​រស់នៅ​កន្លែង​ថ្មី។



អ្នក​ភូមិ​មួយ​ចំនួន​ដែល​មិន​ទាន់​ចាកចេញ​ពី​ភូមិ​របស់​ខ្លួន​នៅ​ឡើយ​នោះ កំពុង​ព្រួយ​បារម្ភ​ខ្លាច​គេ​បណ្ដេញ និង​បង្ខំ​ឲ្យ​ពួក​គាត់​ទៅ​រស់​នៅ​ទីតាំង​ថ្មី។
អ្នក​ភូមិ​នៅ​ចំណុច​ពយ​ជប៉ុន ស្ថិត​ក្នុង​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​សម្ដែង​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគេ​រុះរើ​លំនៅឋាន​ចេញ​ឲ្យ​អស់​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១២ ខាង​មុខ​នេះ។
ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០០៨ បាន​សម្រេច​ជួល​ដី​ចំនួន ៣៦.០០០​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវឺឡុបមេន (Union Development Group) ចំនួន ៩៩​ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ធំ​មួយ​នៅ​ទី​នោះ​ឈ្មោះ​ក្បាល​នាគ​៧ ហើយ​ក្រុមហ៊ុន​នឹង​ត្រូវ​អភិវឌ្ឍន៍​ចប់​ស្ថាពរ​ក្នុង​រយៈពេល ២០​ឆ្នាំ​ក្រោយ។
អ្នកស្រី សេះ សេងហៀង រស់​នៅ​ចំណុច​ពយ​ជប៉ុន ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គីរីសាគរ ថ្លែង​ថា អ្នកស្រី​កំពុង​ព្រួយ​បារម្ភ​ចំពោះ​លោក​អភិបាល​ស្រុក​ដែល​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ផ្ទះ​ថ្មី​ឲ្យ​អស់​ក្នុង​អំឡុង​ដើម​ខែ​កុម្ភៈ ខាង​មុខ​នេះ ពីព្រោះ​ក្រុមហ៊ុន​ត្រូវ​ការ​ដី​អភិវឌ្ឍន៍។
អ្នកស្រី​បន្ត​ថា ដី​ចម្ការ​និង​ផល​ដំណាំ ដូច​ជា ដូង និង​ស្វាយ​ចន្ទី ចំនួន ១៥​ហិកតារ ដែល​គាត់​បាន​ដាំ និង​បង្ក​បង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៩៣​មក គាត់​បាន​ទទួល​សំណង​ជា​លុយ​ពី​ក្រុមហ៊ុន​តែ ២​ពាន់​ដុល្លារ​ប៉ុណ្ណោះ។ រី​ឯ​ផ្ទះ​ក្រុមហ៊ុន និង​អាជ្ញាធរ​មាន​គោលការណ៍​ឲ្យ​ពលរដ្ឋ​ចាប់​ឆ្នោត​យក​ដី​ទំហំ​ទទឹង ៥០​ម៉ែត្រ និង​បណ្ដោយ ១០០​ម៉ែត្រ ដែល​មាន​ផ្ទះ​ឈើ​ទំហំ ៦ គុណ​និង ៧​ម៉ែត្រ នៅ​ចំណុច​កូន​កុក ដែល​មាន​ចម្ងាយ​ពី ១៥ ទៅ ១៦​គីឡូ​ម៉ែត្រ​ពី​ទីតាំង​ចាស់។
អ្នកស្រី សេះ សេងហៀង៖ «ព្រួយ​បារម្ភ​ខ្លាំង​ព្រោះ​អី​ទៅ​រស់នៅ​កន្លែង​នោះ មិន​ដូច​នៅ​ភូមិ​ចាស់​ទេ គេ​ឈូស​ឆាយ​លើ​ភ្នំ​ព្រៃ​សុទ្ធសាធ គេ​វាយ​ព្រៃ​ធ្វើ​ផ្ទះ​ឲ្យ យើង​ត្រូវ​ចាកចេញ​ពី​ភូមិ​ចាស់ យើង​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​អី​វា​ពិបាក​ខុស​គ្នា ១៦​គីឡូ​មែន ប៉ុន្តែ​ពួក​ខ្ញុំ​ជាប់​មាត់​សមុទ្ទ​មាន​ចំហាយ​ទឹក​សមុទ្ទ​ពេល​ខែ​ត្រជាក់​មិន​ត្រជាក់​ប៉ុន្មាន​ទេ តែ​បើ​នៅ​ចំណុច​កូន​កុក​នោះ លើ​កំពូល​ភ្នំ​ម៉ោង ៦​មិន​ទាន់​ទេ រងា ហើយ​មូស​ច្រើន​គ្រុនចាញ់​ច្រើន គ្មាន​ទឹក​ស្អាត​មាន​តែ​ផ្ទះ​មួយ​ខ្នង មន្ទីរ​ពេទ្យ​សាលារៀន​ក៏​មិន​ទាន់​មាន ទី​ផ្សារ ប៉ុស្តិ៍​ប៉ូលិស​អី។ ខាង​រដ្ឋាភិបាល​គាត់​ថា គាត់​មាន​គម្រោង»

លោក ប្រាក់ ថន អាយុ ៦៨​ឆ្នាំ ដែល​កំពុង​ថែទាំ​ចម្ការ​នៅ​ខាង​ក្រោយ​ផ្ទះ​មាន​ប្រសាសន៍​ថា គាត់​មក​រស់នៅ និង​បង្ក​បង្កើន​ផល​ក្នុង​ភូមិ​នេះ​តាំង​ពី​ឆ្នាំ​១៩៨៣​មក ដោយសារ​ក្រុមហ៊ុន​យូញៀន​ត្រូវ​ការ​ដី ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​របស់​គាត់ ក្រុមហ៊ុន​នេះ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ឲ្យ​គាត់​ឡើយ។
លោក​បន្ត​ថា បច្ចុប្បន្ន​ពលរដ្ឋ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ទូទាត់​សំណង​ដី​និង​ផ្ទះ​របស់​គាត់​ទៅ​តាម​តម្លៃ​ទីផ្សារ៖ «វា​លក់​ដូច​មិន​លក់​ទេ លក់​នោះ​វា​ឲ្យ​ស្រេច​ហ្នឹង​ចិត្ត ១៥​គ្រួសារ​មុន​គេ​ឲ្យ ១​ហិកតារ ៨​ពាន់​ដុល្លារ ៥​ហិកតារ​ហើយ តែ​ដល់​ចុង​ក្រោយ​បើក​វគ្គ​ទី​២​នេះ ស្រេច​ទេ​គេ​ឲ្យ»
ខែ សុណង៖ អ៊ុំ​ដី ១៣​ហិកតារ​នោះ​បាន​អ្វី​ខ្លះ? ប្រាក់ ថន៖ បាន​លុយ ៣​ពាន់​ដុល្លារ គេ​ថា បើ​យើង​មិន​យក​គឺ​អត់ គេ​ថា​លុយ​រដ្ឋ​កំណត់​ឲ្យ​តែ ៣​ពាន់​នោះ សុំ​អង្វរ​គេ​ពីរ​បី​អាទិត្យ​នោះ​គេ​មិន​ព្រម។
ស្រប​ពេល​ដែល​មាន​ការ​តវ៉ា​ពី​អ្នក​ភូមិ​ខ្លះ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​លំនៅឋាន​នោះ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​មាន​ផ្ទះ​តូចៗ បាន​ទទួល​យក​គោលការណ៍​ដោះដូរ​កន្លែង​រស់នៅ​ថ្មី​របស់​ក្រុមហ៊ុន​នេះ​ដែរ។
ផ្ទះ​ឈើ​ជា​ជួរ​បែរ​មុខ​ទៅ​សមុទ្ទ​មិន​ដល់ ៥០​ម៉ែត្រ ដែល​មាន​ខ្យល់​អាកាស​ល្អ ក្រុម​កម្មករ និង​ម្ចាស់​ផ្ទះ​កំពុង​វាយ​កម្ទេច និង​រុះរើ​ជា​បណ្ដើរៗ។
កំពុង​ជញ្ជូន​ឥវ៉ាន់​ដាក់​នៅ​ខាង​មុខ​ផ្ទះ ស្ត្រី​វ័យ ២៤​ឆ្នាំ ឈ្មោះ សាន ធារី ដែល​បាន​សម្រេច​ចិត្ត​រុះរើ​ផ្ទះ​ដើម្បី​ទៅ​រស់នៅ​កន្លែង​ថ្មី​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​បាន​ថ្លែង​ថា នាង​មាន​អារម្មណ៍​ក្ដុកក្ដួល​នឹក​ស្ដាយ​ស្រណោះ​ភូមិឋាន​ធ្លាប់​រស់នៅ​តាំង​ពី​នាង​ដឹង​ក្ដី​មក៖ «ទោះ​ជា​ផ្ទះ​ចាស់​ក៏​យើង​កក់​ក្ដៅ​អ៊ីចឹង​ណាស់ ផ្ទះ​ធំ​ក៏​ដោយ​ក៏​មិន​ដូច​យើង​ផ្ទះ​ធំ​ដែរ យើង​ភូមិ​ចាស់​មាន​ដើមឈើ​ធំៗ មាន​ផល​ផ្លែ​ហូប​បាន​គ្រប់​មុខ​អ៊ីចឹង​ណា ដល់​ពេល​ទៅ​លើ​ទម្រាំ​យើង​ដាំ​ដុះ​មិន​ដឹង​ប៉ុន្មាន​ឆ្នាំ​ទៀត​បាន​ហូប»
ឆ្លើយ​ទៅ​នឹង​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​នេះ អភិបាល​ស្រុក​គីរីសាគរ លោក ឈេង ឆិ មាន​ប្រសាសន៍​ក្នុង​ទឹក​មុខ​ម៉ឺងម៉ាត់​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​ស្នើសុំ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ពុំ​មាន​គោលការណ៍​ត្រឡប់​ក្រោយ​បាន​ឡើយ។ ក្នុង​ន័យ​នេះ លោក​បញ្ជាក់​ថា លោក​នឹង​បញ្ចប់​ការ​បែង​ចែក​ដី និង​ផ្ទះ​ដល់​ពលរដ្ឋ​ឲ្យ​អស់​ក្នុង​ខែ​កុម្ភៈ។ លោក​ថា ពលរដ្ឋ​ជិត ៣០០​គ្រួសារ បាន​ចាប់​ឆ្នោត​យក​ផ្ទះ​រួច​ហើយ បច្ចុប្បន្ន​នៅ​សល់​តែ​ពលរដ្ឋ​ភូមិ​ពាម​កាយ ១៩​គ្រួសារ និង​ភូមិ​ព្រែក​ស្មាច់ ៣​គ្រួសារ​ទៀត​ប៉ុណ្ណោះ។

គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​យូញៀន នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ចំនួន ៥​ឃុំ ក្នុង​នោះ​គឺ​មាន​ឃុំ​តា​នូន ឃុំ​ថ្ម​ស ស្រុក​បូទុម​សាគរ និង​ឃុំ​កោះស្ដេច ឃុំ​ភ្ញីមាស និង​ឃុំ​ព្រែក​ខ្សាច់ ក្នុង​ស្រុក​គីរីសាគរ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ១.១៤០​គ្រួសារ។
កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ឆ្នាំ​២០១១ អ្នក​ភូមិ​ជាង ២០០​នាក់​មក​ពី​ស្រុក​បូទុមសាគរ និង​ស្រុក​គីរីសាគរ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៤៨ ជាច្រើន​ម៉ោង ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​ផ្ដល់​ដំណោះ​ស្រាយ​ពី​បញ្ហា​ដីធ្លី​ដល់​ពួកគេ។ ក្នុង​ការ​តវ៉ា​នោះ ពួកគេ​បាន​ត្រឡប់​ទៅ​វិញ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាន​ទទួល​យក​សំណើ​របស់​ពួកគេ ៤​ចំណុច គឺ​សុំ​ឲ្យ​មាន​ការ​ទូទាត់​សំណង​ភូមិ​ក​ចាស់​ឲ្យ​បាន​សមរម្យ។ ចំណុច​ទី​២ សុំ​ឲ្យ​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​ក្នុង​១​គ្រួសារ​ពីរ​ហិកតារ​ដោយ​ស្រប​ច្បាប់ ប្រសិន​មិន​អាច​អនុវត្ត​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​មិន​បាន​ទេ ចំណុច​ទី​៣ សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ការ​ឆ្វៀល​ភូមិ រក្សា​ទុក​ភូមិ​នោះ​ក្នុង​តំបន់​អភិវឌ្ឍន៍​ដដែល និង​ចំណុច​ទី​៤ ពួកគាត់​សុំ​ប្រមូល​ផល​ដំណាំ​លើ​ដី​ចម្ការ​ដែល​ក្រុមហ៊ុន​យក​ក្នុង​តម្លៃ​ថោក​នោះ។
អភិបាល​រង​ខេត្ត​កោះកុង លោក សុន តារា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ មករា ថា ការ​ទាមទារ​របស់​ពលរដ្ឋ​នោះ គឺ​ផ្ទុយ​ពី​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល៖ «នេះ​គឺ​គ្មាន​រឿង​អ្វី​ដែល​ថា មិន​សម​ហេតុ​សម​ផល​នោះ​ទេ មិន​មាន​ការ​ឆ្វៀល​ភូមិ​ឆ្វៀល​អី​ទេ»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​យូញៀន ឌីវឺឡុបមេន គ្រុប បាន​ទេ។
យ៉ាង​នេះ​ក្ដី អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​រិះគន់​ចំពោះ​ការ​ដាក់​ឱសានវាទ​របស់​អាជ្ញាធរ​ថា គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ​មក​ពី​ស្រុក​បូទុមសាគរ និង​ស្រុក​គីរីសាគរ រាប់​រយ​គ្រួសារ​ដែល​បាន​ទទួល​យក​សំណង​ផ្ទះ​ឈើ​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​សង់​ដូចៗ​គ្នា នៅ​ចំណុច​កូន​កុក ស្ថិត​ក្នុង​ឃុំ​កោះ​ស្ដេច​នោះ ខ្លះ​បាន​ចាក​ចោល​ផ្ទះ​សម្បែង ដើរ​រក​ម្ហូប​អាហារ ដោយសារ​តំបន់​នោះ​ពួកគេ​មិន​ទាន់​អាច​ដាំ​ដំណាំ​អ្វី​បាន និង​នៅ​ឆ្ងាយ​ពី​មុខ​របរ​នេសាទ​ដែល​ពួកគេ​ធ្វើ៕

No comments:

Post a Comment