Friday, March 2, 2012

គួរ​បន្ត​ទុក​ការ​ដឹកនាំ​ប្រទេស​តាម​បែប​ព្រៃ​ទៅ​ទៀត​ឬ​យ៉ាងណា

” ប្រទេស​មាន​ច្បាប់ ” នេះ​ជា​ប្រយោគ​ដែល​គេ​តែង​តែ​ឮ​ក្នុង​សង្គម​ខ្មែរ​ជា​យូរ​មក​ហើយ  ប្រយោជន៏​ដើម្បី​​ជា​ការ​ពញាក់​ស្មារតី ដាស​សតិ ដល់​ជន​ទាំង​ឡាយ​ណា​ដែល បម្រុង​ប្រើប្រាស​អំពើ​ផ្ដេសផ្ដាស ឃោរ​ឃៅ ឲ្យ​នឹក​ឃើញ​ដល់​ច្បាប់ ។ ច្បាប់​គឺ​ជា​បញ្ញត្តិ​ក្រឹត្យក្រម​ដែល​កើត​ឡើង​ដោយ​ក្រុម​អ្នក តំណាង​របស់​​ប្រជាពលរដ្ឋ​ ដែល​គេ​ស្គាល់​ថា សភា ក្នុង​បំណង​អប់រំ​ប្រដៅ​មនុស្ស​ឲ្យ​ប្រព្រឹត្តិល្អ ។ការ​ចេះគោរព​ច្បាប់​​បាន​ធ្វើ​ឲ្យ​​សង្គម​មនុស្ស ក្លាយ​ជា​មនុស្ស​ពិត​ប្រាកដ ។ហើយ​ប្រទេស​ដែល​គោរព​ច្បាប់​គេ​ហៅ​ថា នីតិរដ្ឋ ឬ រដ្ឋ​ដែល​​ប្រើប្រាស​ច្បាប់​ជា មូល​ដ្ឋាន ។

ពាក្យ​ទាំង​នេះ​ថ្វី​ត្បិត​តែ​ជន​កម្ពុជា​ភាគ ច្រើន​ធ្លាប់​បាន​ឮ ធ្លាប់​បាន​ស្ដាប់​ ប៉ុន្តែ​គេ​ហាក់​ដូច​ជា​ពុំ​ដែល​យល់​ពី​តម្លៃ​ពិត​ប្រាកដ​របស់​វា ឡើយ ។ ផ្ទុយ​ទៅ​វិញ​អ្វី​​ដែល​ពលរដ្ឋ​ខ្មែរ បាន​ដឹង​យ៉ាង​ច្បាស់​នោះ​​គឺ​ច្បាប់ ស្ថិត​នៅ​លើ​បបូរ​មាត់​របស់​អ្នក​មាន​​អំណាច ច្បាប់​នៅ​លើ​អ្នក​មាន​លុយ ច្បាប់​នៅ​លើ​ចុង​កាណុង…។ នេះ​គេ​មិន​​ហៅ​ថា​ច្បាប់​ទេ គេ​ហៅ​ថា ” ព្រៃ​ឬ​សត្វ ” ឬ និយាយ​ឲ្យ​ងាយ​ស្ដាប់​ច្បាប់​ព្រៃ ។ ដូច្នេះ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ នៅ​បន្ត​គ្រប់គ្រង​តាម​របៀប​សត្វ  របៀប​ព្រៃ​នៅ​ឡើយ ។ហើយ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​អ្នក​មាន​អំណាច​ មានលុយ មាន​កាំភ្លើង ​អាច​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត​នោះ នោះ​បញ្ជាក់​បាន​ថា សង្គម​ខ្មែរ​ គ្មាន​ទេ​យុត្តិធម៌​ ហើយ​ប្រជាពល​រដ្ឋ​ក្រីក្រ ទន់​ខ្សោយ ដែល​មាន​ចំនួន​ច្រើន​ក្នុង​សង្គម​គឺ​រង់​ចាំ​​តែ​ទឹក​ភ្នែក​ទៅ​ !​។
ការ​ប្រើប្រាស​ចុង​កាំ​ភ្លើង បាញ់​ប្រហារ​ គម្រាម​កំហែង​ បំបាក់​ស្មារតី​ប្រជាពលរដ្ឋ គឺ​ជា​វិធី​ព្រៃផ្សៃ  ឃោរឃៅ​ប្រកប​ដោយ​ភាព​ស្អប់​ខ្ពើម​បំផុត ។ គ្រាន់​​តែ​ចាប់​ផ្ដើម​បើក​ទំព័រ​ឆ្នាំ​រោង  ជា​​ឆ្នាំ​​ដែល​​សូម្បី​តែ ហ៊ុន សែន ក៏​ទទួល​​ស្គាល់​​ថា ជា​មហា​ឧបទ្រព​ចង្រៃ​រួមរឹត​​ដោយ​ទឹក​ជំនន់​ធំ​នេះ  ​មិន​ដល់​២​ខែ​ស្រួល​បួល​​ផង​ គឺ​ពី​ខែ​មករា មក​ដល់​ខែ កុម្ភះ​​ មាន​ករណី​អ្នក​កាន់​កាំ​ភ្លើង ​ស៊ី​ឈ្នួល​ឲ្យ​ពួក​ក្រុម​ហ៊ុន​ឈ្មួញ​នាយ​ទុន ធ្វើ​ការ​បាញ់​រះ​ទៅ​លើ​ពលរដ្ឋ​និង​កម្មករ រហូត​ដល់​ពីរ​ដង​ទៅ​ហើយ ។គឺ​កាល​ពី​ខែ មករា ពួក​អ្នក​​ស៊ី​ឈ្នួល​ទាំង​នោះ បាន​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​នៅ​ស្រុក​ស្នូល​ខេត្ត ក្រចេះ ហើយ​​កាល​ពី​ថ្ងៃ​ទី ២០ កុម្ភៈ​ថ្មី​ៗ នេះ គឺ​ការ​បាញ់​ទៅ​លើ​ហ្វូង​កូដករ នៅ​ក្រុង​បាវិត ខេត្ត ស្វាយ​រៀង ដែល​បណ្ដាល​ឲ្យ​កម្មការរិនី​យ៉ាង​ហោច​ណាស់​៣​នាក់ រង​របួស​ជា​ទម្ងន់ ។
អ្នក​បាញ់​កម្មករ​រោង​ចក្រ​វាយ​នភ័ណ្ឌ​នោះ ត្រូវ​បាន​គេ​ស្គាល់​​អត្តសញ្ញាណ គឺ​ជា​បុរស​ម្នាក់ ដែល​បាន​ដើរ​ចូល​ទៅ​ក្នុង​ហ្វូង​កម្មករ និង​មាន​អង្គរក្ស​ហែរ​ហម​ទៅ​ជា​មួយ​ផង ។បន្ទាប់​ពី​ការ​បាញ់ គេ​បាន​ដើរ​ចូល​ក្នុង​ឡាន​ហើយ​បើក​ចេញ​ទៅ ដោយ​សុវត្ថិភាព ។
ករណី​នេះ ត្រូវ​បាន​គេ​ចោទ​សួរ​ថា តើ​អ្នក​ណា​ដែល​មាន​សិទ្ធិ​ប្រើប្រាស​កម្លាំង​អង្គរក្ស និង មាន​កាំ​ភ្លើង  ? ហេតុ​អ្វី​ក៏​គេ​អាច​ដក​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​សុវត្ថិភាព​បាន ?
ប្រភព​ជា​ច្រើន​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​នោះ ជន​ដៃ​ដល់​​បាន​ជិៈ​រថយន្ត​មក​កាន់​ទី​ក្រុង​ភ្នំពេញ ដើម្បី​ស្វះស្វែង រក​កិច្ច​អន្តរាគមន៏ ហើយ​បន្ទាប់​មក​បាន​ត្រឡប់​ទៅ​កាន់​ក្រុង​បាវិត​វិញ។
ប៉ុន្តែ​កាល​ពី​សប្ដាហ៏​កន្លង​ទៅ សរ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ស្វែង​រក​ចាប់​​ជន​ឃោរឃៅ​នោះ យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់ ។ យ៉ាង​ណា​ក៏​ដោយ​លោក មឿង តុលា ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៏ ដែល​ជា​អង្គការ​សង្គម ស៊ីវិល​បាន​អះអាង​ថា ករណី​នេះ​ក្រសួង​មហា​ផ្ទៃ​បាន​ដឹង​យ៉ាង​ច្បាស់​ណាស់ ថា ជន​ដៃដល់​នោះ​ជា​នណា ? ដោយ​ថែម​ទាំង​បាន​ព្រមាន​ថា នឹង​មាន​ការ​កៀរគរ បណ្ដា​អង្គការ​សង្គម​ស៊ីវិល​ទាំង​ក្នុង​​និង​ក្រៅ​ស្រុក​ដើម្បី​បើក​ យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​ដាក់​គំនាប លើ​ការ នាំ​ផលិតផល វាយ​នភ័ណ្ឌ​ចេញ​​របស់​​ប្រទេស​កម្ពុជា​បើ​សិន​ជា​រក​ជន​ដៃ​ដល់​មិន​ឃើញ​ ។
ឥរិយាបទ​បែប​នេះ​របស់​រដ្ឋាភិបាល​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​នេះ​ពុំ​មាន​ឆន្ទះ ពុំ​​មាន​ការ​តាំងចិត្ត​​ទាល់​តែ​សោះ ក្នុង​ការ​ធ្វើ​ខ្លួន​ឲ្យ ទៅ​ជា​នីតិរដ្ឋ ។ពោល​គឺ​នៅ​តែ​បន្ត​ទុក​ឲ្យ​ប្រទេស​​ក្រីក្រ​មួយ​នេះ​​​​ញាំញី ដោយ​អំពើ​ព្រៃផ្សៃ ដែល​អ្នក​មាន​អំណាច អ្នក​មាន​ចុង​កាណុង​គឺ​ជា​អ្នក​ឈ្នះ។
ប៉ុន្តែ​ពេល​នេះ ប្រាកដ​ណាស់​ហើយ​ថា ​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​ ការ​កាំ​ទ្រ​ពី​ពិភព​លោក​ចាំ​បាច់​ណាស់  ទាំង​ការ​ឧបត្ថម្ភ ជា ជំនួយ ឬ ក៏​​កម្ចី​ផ្សេងៗ ជា​ពិសេស​នោះ​គឺ​កា​រចង់​ឲ្យ​មាន​ការ​គាំ​ពារ ខ្លួន ជា​សមា​ជិក​មិន​អចិន្ត្រី នៃ ក្រុមប្រឹក្សា​សន្តិ​សុខ​​របស់​អង្គការ​សហប្រជាជាតិ ។ បើ​ដូច្នេះ កម្ពុជា​គួរ​តែ​ពិចារណា​ឡើង​វិញ​ថា តើ​គួរ​បន្ត​ទុក​ការ​ដឹកនាំ តាម​បែប​​ព្រៃផ្សៃ​តទៅ​ទៀត​ឬ​យ៉ាង​ណា ?    ៕​

No comments:

Post a Comment