Saturday, March 10, 2012

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ថា ការ​សាង​ប្រាសាទ​ហិណ្ឌូ​របស់​ឥណ្ឌា​ដែល​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត គឺ​ជា​ការ​មិន​គោរព​សិទ្ធិ​កម្ពុជា និង​យូណេស្កូ

 
 
ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​តំណាង​ដោយ​លោក រ៉ុង ឈុន នៅ​ថ្ងៃ​នេះ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ហៅ​គម្រោង​សាងសង់​ ប្រាសាទ​ហិណ្ឌូ​របស់​ប្រទេស​ឥណ្ឌា​នា​ពេល​ខាង​មុខ ដោយ​ធ្វើ​តាម​រចនា​បទ​ប្រាសាទ​អង្គរវត្ត​ខ្មែរ​ថា គឺ​ជា​ការ​បង្ហាញ​នូវ​ការ​មិន​គោរព​សិទ្ធិ​កម្ពុជា និង​អង្គការ​យូណេស្កូ។
ប្រាសាទអង្គរវត្តមើលពីលើអាកាស

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​លើក​ឡើង ​ថា ប្រាសាទ​អង្គរវត្ត​ខ្មែរ គឺជា​អត្តសញ្ញាណ នៃ​ដួង​ព្រលឹង​របស់​ជាតិ​ខ្មែរ ដោយ​ត្រូវ​បាន​អង្គការ​យូណេ​​​​​​​​​ស្កូ​ ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​​​ត្រូវ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន ​ មិន​ត្រូវ​បណ្ដោយ​ឱ្យ​ប្រទេស​ឥណ្ឌា​ ចម្លង​យក​ប្រាសាទ​អង្គរវត្ត​​ខ្មែរ​ទាំងស្រុង ទៅ​សាងសង់​ប្រាសាទ​អង្គរវត្ត នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ឡើយ។ ដោយ​ថា ការ​ដែល​ប្រទេស​ឥណ្ឌា សាងសង់​ប្រាសាទ​អង្គរវត្ត ដោយ​ចម្លង​យក​ប្រាសាទ​អង្គរវត្ត​ខ្មែរ​ទាំង​ស្រុង​​​​បែប​នេះ គឺជា​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អត្តសញ្ញាណ​ជាតិ​ខ្មែរ និង​កម្មសិទ្ធិ​បញ្ញា​របស់​កម្ពុជា។
ជាមួយ​គ្នា​នេះ ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​សម្តែង​ការ​ព្រួយបារម្ភ និង​កង្វល់​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ឮ​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា អះអាង​ប្រាប់​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា ប្រទេស​ឥណ្ឌា​សាង​សង់​​ប្រាសាទ​អង្គរវត្ត​ក្នុង​ប្រទេស​របស់​ខ្លួន​ក្ដី ក៏​មិន​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​កេរិ៍្ត​ឈ្មោះ​ប្រាសាទ​អង្គរ​វត្ត​ខ្មែរ​​នោះ​ទេ។ សូម្បី​តែ​រូប​សញ្ញា​របស់​ក្រុមហ៊ុន ឬ​រូប​សញ្ញា​សមាគម​ក្ដី ក៏​មិន​អាច​អ្នក​ផ្សេង​ថត​ចម្លង​យក​ទៅ​ប្រើប្រាស់​បាន​ឡើយ។
ប្រាសាទ​អង្គរវត្ត​ខ្មែរ នៅ​ពេល​ជន​បរទេស​បាន​ឃើញ​រូប​អង្គរវត្ត​ភ្លាម ពួក​គេនាំគ្នា​បន្លឺ​សម្លេង​ឡើង​ គឺ​កម្ពុជា ប៉ុន្តែ​ដប់ឆ្នាំ​ក្រោយ​មក នៅ​ពេល​ប្រទេស​ឥណ្ឌា​ បាន​សាងសង់​ប្រាសាទអង្គរវត្ត​រួច​ហើយ ដូច​ហ្នឹង​ប្រាសាទ​អង្គរវត្ត​ខ្មែរ​នោះ ពេល​ហ្នឹង​ហើយ​ដែល​ប៉ះពាល់​ដល់​អត្តសញ្ញាណ​ខ្មែរ​យើង។
ជា​ចុង​ក្រោយ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​មាន​វិធាន​ការ​ចំពោះ​ប្រទេស​ឥណ្ឌា​ ដែល​ថត​ចម្លង​រចនាបថ​ប្រាសាទ​អង្គរវត្ត​ខ្មែរ​ទាំង​ស្រុង ក្នុង​ការ​សាងសង់​ប្រាសាទ​អង្គរវត្ត នៅ​ប្រទេស​របស់​​ខ្លួន​នោះ៕

No comments:

Post a Comment