Sunday, March 11, 2012

សារ​ជូន​ពរ​មើល​ងាយ

ទិវានារី​អន្តរជាតិ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​កំណត់​ជា​ផ្លូវការ​យក​ថ្ងៃទី​០៨ ខែមីនា ដើម្បី​អបអរ​ដល់​នារី​ទាំង​អស់​នៅ​ក្នុង​ពិភពលោក ចំពោះ​ជោគជ័យ​ដែល​បាន​តស៊ូ​រាប់​សតវត្ស​ទាមទារ​យក​សិទ្ធិ​ស្មើ​គ្នា​ជាមួយ​បុរស។ ស្រ្តី​អ្នក​កសាង​ប្រវត្តិសាស្រ្ត​បាន​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​នា​អតីត​កាល​ប្រឆាំង​ទល់​នឹង​ការ​រើស​អើង​ភេទ ការ​បែងចែក​ជាតិពន្ធ ភាសា វប្បធម៌ ពណ៌​សម្បុរ សេដ្ឋកិច្ច និង​នយោបាយ ដើម្បី​ទទួល​បាន​នូវ​សេរីភាព​ពេញ​លេញ សមភាព យុត្តិធម៌ ដែល​ទីបំផុត​ទៅ​ចលនា​ដ៏​ផុសផុល​នៅ​
ទ្វីប​អាមេរិក និង​អឺរ៉ុប​តាំង​តែ​ពី​ឆ្នាំ​១៩០៩ បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ ដោយ​សមាគម​សង្គម​និយម​អន្តរជាតិ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង Copenhagen ប្រទេស​ដាណឺម៉ាក​នា​ឆ្នាំ​១៩១០ សម្រេច​បង្កើត​ទិវា​នារី​ជា​លក្ខណៈ​សកល។ នៅ​ឆ្នាំ​១៩១១ ទិវា​នារី​អន្តរជាតិ​ត្រូវ​បាន​គេ​ប្រារព្ធ​ជា​លើក​ដំបូង​នៅ​ប្រទេស​អូទ្រីស ដាណាម៉ាក អាល្លឺម៉ង់ ស្វីស ដែល​មាន​បុរស និង​នារី​ជាង​១លាន​នាក់​ចូល​រួម​គាំទ្រ។

ក្រោយ​មក​អង្គការ​សហ​ប្រជាជាតិ​បាន​ប្រកាស​យក​ថ្ងៃទី​០៨ ខែមីនា ធ្វើ​ជា​ទិវា​នារី​អន្តរជាតិ ហើយ​ទិវា​នេះ​តែង​តែ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ ដោយ​ប្រទេស​ខ្លះ​កំណត់​យក​ជា​ថ្ងៃ​ឈប់​សំរាក​ទៀត​ផង។ ទិវា​នារីអន្តរជាតិ​ឆ្នាំ​នេះ​ឈាន​គម្រប់​១០១​ឆ្នាំ ដោយ​នារី​នៅ​ប្រទេស​ស្ទើរ​ទាំង​អស់​លើ​ពិភព​លោក​បាន​រួច​ផុត​ពី​ជញ្ជាំង​បែងចែក​ភេទ ហើយ​នារី​កំពុង​ប្រឡូក​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សង្គម រួម​ទាំង​នយោបាយ។ តម្លៃ​និង​កិត្តិយស​ស្រ្តី​ត្រូវ​លើក​តម្កើង​នៅ​ប្រទេស​ជឿនលឿន រី​ឯ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ស្រ្តី​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​គួរ​ឲ្យ​ស្ញប់ស្ញែង។ ទិវា​នេះ​ពិភព​លោក​ប្រារព្ធ​ឡើង​មិន​សំដៅ​គោរព​ចំពោះ​បុគ្គល​ណា​មួយ​ឡើយ ទាំង​បច្ចុប្បន្ន ទាំង​អតីតកាល ផ្ទុយ​ទៅ​វិញ​គឺ​ជា​ការ​រំលឹក​ដល់​វីរភាព​របស់​ស្រ្តី​ជំនាន់​មុន ដែល​អង់អាច​តស៊ូ​ទាមទារ​យក​សិទ្ធិ​សម្រាប់​ខ្លួន និង​សម្រាប់​ស្រ្តី​ទាំង​អស់​នៅ​ក្នុង​លោក​ប្រកប​ដោយ​ជោគជ័យ។

នៅ​ប្រទេស​កម្ពុជា និយមន័យ​របស់​ទិវា​នារីអន្តរជាតិ​នេះ ហាក់​ដូច​ជា​កំពុង​ត្រូវ​បំភ្លៃ​ពី​តថភាព​ប្រវត្តិសាស្រ្ត​សកល។ មិន​យល់​ដឹង​ពី​អត្ថន័យ​ពិត ជា​រឿង​មួយ​ ប៉ុន្តែ​បំភ្លៃ​ជា​រឿង​មួយ​ទៀត។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​តាម​ស្ថាប័នរដ្ឋ និង​ឯកជន​ខ្លះ​ដែល​បារព្ធ​ទិវា​នេះ ដោយ​មាន​ដាក់​តាំង​រូបថត​ផ្ទាំង​ធំៗ​របស់​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដោយ​មាន​សារ​ជូនពរ ព្រមទាំង​អ្នក​ចូល​រួម​សំពះ​គោរព។ បណ្តាញ​ព័ត៌មាន​ខ្លះ​ទៀត បាន​ចុះ​ផ្សាយ​នូវ​លិខិត​ជូន​ពរ​ពី​រដ្ឋមន្រ្តី និង​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​ជូន​ដល់​លោក​ជំទាវ​យ៉ាង​គគ្រឹក​គគ្រេង ដែល​ញ៉ាំង​ឲ្យ​ទិវា​នេះ​មើល​ទៅ​រឹត​តែ​មាន​ភាព​អធឹក​អធម​ខ្លាំង​ឡើង។ ធ្វើ​បែប​នេះ​មិន​ដឹង​ថា តើ​អស់​លោក​ថ្នាក់​ដឹកនាំ​កំពូល ដែល​ផ្ញើ​សារ​លិខិត​ជូនពរ​នោះ មិន​យល់​ដឹង​អំពី​និយម​ន័យ​ពិត ឬ​មួយ​ចង់នាំ​គ្នា​ក្រឡៃ​ទិវា​នារី​អន្តរជាតិ ឬ​ក៏​គ្រាន់​តែ​ចង់​លើក​តម្កើង​ភរិយា​លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ខ្ពស់​ត្រដែត​នោះ​ឡើយ។ ចំណុច​ទាំង​បី​ខាង​លើ​សុទ្ធ​តែ​ខុស​ឆ្គង​ទាំង​អស់ ដែល​មិន​គួរ​ឲ្យ​កើត​មាន​ទាល់​តែ​សោះ។ ខុស​ឆ្គង​ត្រង់​ថា គ្មាន​នរណា​ម្នាក់​អាច​កែប្រែ​នូវ​និយម​ន័យ​នេះ​បាន​ឡើយ ហើយ​ទិវា​នេះ​ក៏​មិន​សំដៅ​ដឹង​គុណ​បុគ្គល​ណា​ម្នាក់ ឬ​ជូនពរ​ដល់​នរណា​មួយ​ដែរ រាប់​ទាំង​មហាក្សត្រីយ៍ ប្រធានាធិបតី ឬ​ឥស្សរជន​កំពូល​ជា​ស្រ្តី។ តាម​ពិត​ទៅ សារ​ជូនពរ​អស់​ទាំង​នោះ វា​ជា​ការ​មើល​ងាយ និង​បណ្តុះ​បង្អាប់​ទៅ​ដល់​លោក​ជំទាវ ប៊ុន​រ៉ានី ហ៊ុន សែន ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ភរិយា​ប្រមុខ​រដ្ឋាភិបាល។

ជា​ការ​ប្រសើរ​បំផុត បើ​អស់​លោក​ថ្នាក់​ដឹកនាំ​កំពូលៗ​ផ្ញើ​សារ​លិខិត​អបអរ​សាទរ​ជូន​ដល់​ស្រ្តី​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ក្នុង​ឱកាស​ដ៏​ថ្លៃ​ថ្លា​នេះ ហើយ​លើក​ទឹកចិត្ត​ឲ្យ​ស្រ្តី​ចូលរួម​កាន់​តែ​សកម្ម​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​នយោបាយ។ លើក​តម្កើង​សិទ្ធិ​ស្រ្តី​កាន់​តែ​ខ្លាំង ផ្តល់​ឱកាស​ថែម​ទៀត​ឲ្យ​ស្រ្តី​កាន់​កិច្ច​ការ​កំពូល បញ្ឈប់​រាល់​ការ​រើសអើង បញ្ឈប់​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទាំង​នេះ​ជា​អ្វី​ដែល​ស្រ្តី​ខ្មែរ​ប្រាថ្នា​ដូច​ស្រ្តី​នៅ​ប្រទេស​ជឿនលឿន៕

No comments:

Post a Comment