Saturday, May 12, 2012

ស៊ូប៊ែរឌី ព្រួយ​បារម្ភ​ពី​ការ​បៀតបៀន​ជីវិត​អ្នក​ការពារ​សិទ្ធិ​មនុស្ស


ក្នុង​សន្និសីទ​កាសែត​មុន​ការ​ចាកចេញ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បៀតបៀន​អាយុជីវិត​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។


លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់ អ.ស.ប
លោក សុរិយា ប្រាសាទ ស៊ូប៊ែរឌី អ្នក​រាយ​ការណ៍​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​ថា «បុគ្គល​ទាំង​នេះ (អ្នក​ការពារ​សិទ្ធិ​មនុស្ស) ទទួល​រង​ហានិភ័យ​យ៉ាង​ខ្លាំង ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ហើយ​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ពី​​រដ្ឋ។ នៅ​ក្នុង​ឆ្នាំ​២០១២​នេះ យើង​សង្កេត​ឃើញ​មាន​ការ​ប្រើ​អាវុធ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ វា​គឺ​ជា​និន្នាការ​គួរ​ឲ្យ​ព្រួយ​បារម្ភ»។

ការ​ថ្លែង​របស់​លោក ស៊ូប៊ែរឌី នេះ គឺ​សំដៅ​ទៅ​លើ​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា កន្លង​ទៅ។ ដោយ​ជា​មួយ​គ្នា​លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​យុត្តិធម៌៕

No comments:

Post a Comment