កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះ បានចុះផ្សាយនូវរបាយការណ៍មួយរបស់វិទ្យាស្ថានអភិបាលកិច្ចចេញផ្សាយក្នុងសប្តាហ៍នេះ ដែលបានបង្ហាញថា កម្ពុជាជាកន្លែងសម្បូរទៅដោយសកម្មភាពលាងលុយកខ្វក់ និងផ្តល់មូលនិធិដល់ភេរវករដោយសារអំពើពុករលួយពាសពេញ និងកង្វះនៃតម្លាភាពហិរញ្ញវត្ថុ។
តាមរបាយការណ៍របស់វិទ្យាស្ថាននេះ ប្រទេសកម្ពុជាត្រូវបានគេកំណត់ចំណាត់ថ្នាក់នៅកម្រិតលេខ៣ នៃប្រទេសដែលមានហានិភ័យខ្ពស់ ក្នុងចំណោមប្រទេស១៤៤ ដែលខកខានមិនគោរពអនុវត្តតាមស្តង់ដារប្រឆាំងការលាងលុយកខ្វក់ និងភេរវកម្ម។ ហើយថា ចំណាត់ថ្នាក់នេះ គឺផ្អែកទៅលើស្តង់ដារ និងប្រភេទហានិភ័យដូចជា បទប្បញ្ញត្តិហិរញ្ញវត្ថុ តម្លាភាពសាធារណៈ អំពើពុករលួយ និងនិតិរដ្ឋ។
លោក កុល ព្រាប នាយកប្រតិបត្តិ នៃអង្គការតម្លាភាពអន្តរជាតិ ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្តីមកថា «ចំនួនប្រាក់ច្រើនអាចបញ្ជូនតាមរយៈប្រព័ន្ធសម្ងាត់នេះ… ។ យើងគ្មានច្បាប់ប្រឆាំងការលាងសម្អាតប្រាក់ទេ ប៉ុន្តែយើងក៏ត្រូវការច្បាប់ស្តីពីលទ្ធភាពទទួលបានព័ត៌មានដែរ ដូច្នេះយើងអាចមានសិទ្ធិស្នើសុំសេចក្តីលម្អិតទាំងនេះ និងតាមដានប្រាក់»៕
No comments:
Post a Comment