Friday, May 18, 2012

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ត្រូវ​រិះគន់​ថា បាន​បើក​ដៃ​ឲ្យ​មាន​បន​ល្បែង​ខុស​ច្បាប់




អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែត រង​នៅ​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា អសមត្ថភាព​ក្នុង​ការ​បង្ក្រាប បន​ល្បែងស៊ីសង​ខុសច្បាប់ ដែល​កំពុង​ដែល​បើក​ដំណើរការ​លេង​យ៉ាង​រលូន ក្រោម​ក្រសែ​ភ្នែក របស់​សមត្ថកិច្ច​នៅ​ទីនោះ ជាក់​ស្ដែង​បន​ល្បែង​ប្រជល់​មាន់​ដុះ​ស្លែ​មួយ​កន្លែង​​កំពុងតែ​បើក​ប្រជល់​ជា​រៀង​រាល់ថ្ងៃ ដោយ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន ដែល​ជា​កម្មសិទ្ធិ របស់ លោក​ឧញ៉ា​កុក អាន សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បើកដៃ​ឲ្យ ក្រុម​ពួក​ញៀន​ល្បែង​ស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ លេង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​កោត​ក្រែង​រអែង​ច្បាប់​ទម្លាប់​អ្វី បន្តិច​សោះ។​

សង្វៀនប្រជល់មាន់ស្ថិតក្នុងកាស៊ីណូហ្គោឌិនក្រោនដែលអាជ្ញាធរក្រុង ប៉ោយប៉ែតមិនបើកភ្នែកមើល

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​កាង​បន​ល្បែង​ខាងលើ មាន​ឈ្មោះ​កុក ម៉ី​ន ត្រូវជា​ប្អូន ប្រុស​របស់​លោក កុក អាន នឹង​ឈ្មោះ​ឡុង លឹម​ហ៊ាង មន្ត្រី​អធិការកិច្ច កងទ័ពជើងគោក ព្រមទាំង​ឈ្មោះ ហាក់ អេង​ដែល​អ្នកក្រុង​ប៉ោយប៉ែត ស្គាល់​ថា​មេ​បន​ល្បែង​ដុះស្លែ​យូរ​ណាស់ ​មក​ហើយ​នោះ កំពុង​តែ​កាក់កប​ក្នុង​ការ​ប្រមូល​លុយ​រាប់​សែន​បាត ក្នុង​មួយ​ថ្ងៃៗ ពី​ល្បែង​ប្រជល់​មាន់ របស់​ខ្លួន​ព្រោះ​តែ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប។​
​ក្រុម​មេ​បន​ល្បែង​ទាំងនោះ​តែងតែ​ពោល​ពាក្យ​ថា​ ល្បែង​ប្រជល់​មាន់​របស់​ខ្លួន មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ ដោយ​ឡែក​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ពួកគេ​មិន​ហ៊ាន​បង្ក្រាប​ឡើយ ឲ្យ​តែ​ស្ថិត​នៅ​ក្នុង​បរិវេណ​កាស៊ីណូ គឺ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ជា​ខាច់​ខាត ។​ សូម​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​បី​ជា​កាស៊ីណូ​មាន​ច្បាប់​ក្តី​ ប៉ុន្តែ​ច្បាប់​មិន​បាន​អនុញ្ញាត​ឲ្យ ជន​ជាតិ​ខ្មែរ​ចូល​លេង​នៅ​ទីនោះ ឡើយ ផ្ទុយទៅវិញ​កាស៊ីណូ​ដែល​រីក​ដូច​ផ្សិត ចំនួន​ជាង​១០​កាស៊ីណូ​នៅ​ក្នុង​ទឹកដី​ជាយ​ដែន​ខ្មែរ-ថៃ​ក្រុង​ប៉ោយប៉ែត បាន​នឹង​កំពុង​តែ​ផ្គើន​នឹង​ច្បាប់​ជា​ខ្លាំង ដោយ​គេ​អនុញ្ញាត​ឲ្យ ជនជាតិ​ខ្មែរ​ចូល​លេង នៅ​ក្នុង​កាស៊ីណូ​ទាំង​អស់​នោះ​យ៉ាង​គគ្រឹក​គ្រេង ជាពិសេស​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន តែ​ម្តង ។​
​មាន​ល្បែងស៊ីសង​គឺ​នាំ មក​នូវ​អំពើ​អសន្តិសុខ​សង្គម​គ្រប់​បែប​យ៉ាង ដូចជា​ចោរលួច​ចោរប្លន់ ជាដើម​ល​។​ល​។​ លើស​ពីនេះ​ទៅ​ទៀត ក្រុង​ប៉ោយប៉ែត គឺជា​ច្រក​ទ្វារ​អន្តរ​ជា​យ៉ាង​សំខាន់ ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ រាប់​សែន​នាក់​ឆ្លង​កាត់​ក្នុង​មួយ​ថ្ងៃៗ កត្តា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ របស់​ប្រទេសជាតិ យើង​ផង​ដែរ បើ​សិន​ជា​បន​ល្បែង​ស៊ីសង នៅ​តែ​កើត មាន​ ហើយ​អាជ្ញាធរ​ខ្លាច​មិន​ហ៊ាន​បង្ក្រាប​នោះ ៕

No comments:

Post a Comment