ឥឡូវនេះ សារធាតុគីមី ដែលគេប្រើសម្រាប់ចម្រាញ់យករ៉ែមាសនោះ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពមនុស្ស និងមានសត្វពាហនៈស្លាប់ថែមទៀត។ រហូតមកទល់ពេលនេះ គេនៅពុំទាន់ឃើញក្រុមអាជ្ញាធរមានវិធានការទប់ស្កាត់ទេ។
ក្រុមអ្នកភូមិបានអំពាវនាវសុំឲ្យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងមន្ត្រីជំនាញពាក់ព័ន្ធរបស់រដ្ឋាភិបាល ចុះត្រួតពិនិត្យ និងចាត់វិធានការហាមឃាត់ការធ្វើអាជីវកម្មរុករករ៉ែខុសច្បាប់ នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនោះ។
ការស្នើសុំនេះ គឺបានធ្វើឡើងនៅគ្រាដែលសារធាតុគីមី ដែលគេប្រើ ដើម្បីចម្រាញ់យករ៉ែមាស នៅទីនោះ កំពុងមានជាតិពុលកើនឡើង ហើយបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វថែមទៀត។
ក្រុមអ្នកភូមិឲ្យដឹងថា ថ្មីៗ នេះ មានសត្វគោរបស់អ្នកភូមិ ៣ ក្បាល បានពុលងាប់ ដោយសារតែផឹកទឹកអូរ ដែលមានសារធាតុគីមី បង្កឡើងដោយក្រុមអ្នកធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនោះ។
មេភូមិភ្នំព្រឹក លោក ស៊ុំ ម៉ាលី បានថ្លែងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១២។ លោកថា សត្វគោទាំងបីក្បាលនោះ បានពុលថ្នាំគីមីងាប់ នៅក្នុងរណ្តៅរ៉ែ នៅពេលវាចុះទៅផឹកទឹក។
លោក ស៊ុំ ម៉ាលី៖ «បីក្បាលហ្នឹង វាបានផឹកងាប់បីក្បាល ហើយនៅពីរក្បាលទៀត ដែលវាបានផឹកនៅស៊ីៗ ដែរមិនដឹងយ៉ាងម៉េច។ ចាំមើលថ្នាំគីមីគេវ៉ៃរ៉ែមាសហ្នឹង អាជីវកម្មវាអនាធិបតេយ្យពេញដីហើយ បើគិតជិត ១ ឆ្នាំនេះ លែងហាមឃាត់»។
លោក សារ៉ាយ ញៀន ជាម្ចាស់សត្វគោថ្លែងថា កន្លងមកមានសត្វគោប្អូនប្រុសរបស់គាត់ចំនួនពីរក្បាល ត្រូវពុលងាប់ បន្ទាប់បានចុះទៅផឹកទឹកអូរ ដែលមានសារធាតុគីមី ដែលគេធ្វើអាជីវកម្មរ៉ែមាស នៅតំបន់នោះ។
លោកថា រហូតមកទល់ពេលនេះ ទាំងអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មិនបានពិនិត្យលើបញ្ហានេះទេ៖ «អត់ បង។ អត់មាននេះផង។ ប៉ូលិសដើរមកយកលុយ។ ខាងបរិស្ថានដើរមកយកតែលុយគ្មានបិទ។ អ្នកចុះមកពិនិត្យមើល ជីកនៅក្នុងភូមិតែម្តង ខាងរ៉ែ និងថាមពលឲ្យមកមើល ហើយកុំឲ្យមកយកលុយ មកមើលការពារឲ្យត្រឹមត្រូវ កុំលេងចំហងាប់ពេញទឹកពេញដី។ ខែមុនអស់គោពីរ វាផឹកហើយ មកងាប់នៅផ្ទះខ្លួនវា។ អានេះ ផឹកហើយងាប់នៅក្នុងរណ្ដៅតែម្ដង»។
អាជីវកម្មរ៉ែមាស នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នេះកើតមានភាពអនាធិបតេយ្យអស់រយៈពេលជាយូរយារមកហើយ។ រហូតមកទល់ពេលនេះ ការបំពុលបរិស្ថានដោយសារសារធាតុគីមី បានធ្វើឲ្យគ្រោះថ្នាក់ដល់សត្វពាហនៈ និងសុខភាពអ្នកភូមិថែមទៀត។
ក្រុមអ្នកភូមិអះអាងថា ពួកគាត់មិនឃើញអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីជំនាញរបស់មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលចាត់វិធានការទប់ស្កាត់ឡើយ។
អភិបាលស្រុកភ្នំព្រឹក លោក សួន គឿន បានបដិសេធមិនផ្ដល់អត្ថាធិប្បាយជុំវិញ ការធ្វើអាជីវកម្មរ៉ែមាស នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយពុំមានច្បាប់អនុញ្ញាតនេះទេ។
លោកអភិបាលស្រុក បង្វែរបញ្ហានេះឲ្យទៅសួរលោកអភិបាលរងឈ្មោះ ប៉ិច ឆុន វិញ។ វិទ្យុអាស៊ីសេរី បានព្យាយាមសុំសេចក្ដីបញ្ជាក់បញ្ហានេះ ពីលោកអភិបាលរង ប៉ិច ឆុន តាមទូរស័ព្ទដែរ ប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទទេ។
អភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា រយៈពេលកន្លងមកនេះ អាជ្ញាធរខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចុះទៅទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មរ៉ែ ដោយពុំមានច្បាប់អនុញ្ញាតនេះ។ បច្ចុប្បន្ន កំពុងមានវិធានការបន្តទៀត។
លោកថាបញ្ហាលំបាក គឺនៅពេលដែលក្រុមការងារចុះទៅ អ្នកធ្វើជីវកម្មរ៉ែទាំងនោះ នាំគ្នារត់គេចបាត់អស់។ ប៉ុន្តែ នៅពេលសមត្ថកិច្ចដកថយ ក្រុមនោះបានលួចចូលទៅវិញ។
លោក ប្រាជ្ញ ចន្ទ៖ «មួយចំនួនទៀត គ្រាន់តែឮថារ៉ែៗ ក៏ចេះតែទិញដីគេនៅទីនោះទៅ។ ពេលទិញដីទៅរកមិនបាន គាត់រកវិធីលក់ចេញវិញ។ អ៊ីចឹង ឃោសនាដល់ឥឡូវនេះ យើងមានវិធានការមិនឱ្យគាត់មកទេ ហើយគាត់ចេះតែលួចមក។ មិនទាន់ដោះស្រាយបានជ្រះស្រឡះដែរ។ ទន្ទឹមហ្នឹង អាក្រុមហ៊ុន ដែលគេស្របច្បាប់ និងយើងរុញឲ្យគេធ្វើរបស់គេទៅតាមនីតិវិធីទៅ ហើយយើងមានវិធានការជាបន្តបន្ទាប់ទៀត»។
លោកអភិបាលខេត្តបន្តថា ក្រុមហ៊ុនរុករករ៉ែ ដែលមានអាជ្ញាប័ណ្ណនោះ នៅពុំទាន់បានចាប់ផ្ដើមធ្វើអាជីវកម្មរ៉ែ នៅទីនោះទេ។ អ្នកធ្វើអាជីវកម្មរ៉ែនៅពេលនេះ គឺជាក្រុមមនុស្ស ដែលមិនមានច្បាប់អនុញ្ញាត។ ក្រុមនេះ មានជាប់ពាក់ព័ន្ធនឹងក្រុមអាជ្ញាធរផង។ ពួកគេបានប្រើជាតិគីមីចម្រាញ់យករ៉ែមាស បង្កឲ្យមានការបំពុលបរិស្ថានថែមទៀត។
លោក ប្រាជ្ញ ចន្ទ៖ «វាប្រើជាតិគីមីមួយចំនួន ដើម្បីប្រែក្លាយលោហៈធាតុទៅជាមាស ដើម្បីយកទៅប្រើប្រាស់បាន។ ដល់ប្រើទៅមានបញ្ហា។ បញ្ហាហ្នឹងកន្លងមកធ្លាប់កើតមានមួយសាហើយ។ ខាងបរិស្ថានក៏គេបានចុះទៅណែនាំពីរបីសាហើយ»។
ប្រធានសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក ស៊ុន តឹក ថ្លែងថា អង្គការសង្គមស៊ីវិល បារម្ភអំពីការបំពុលបរិស្ថាន។ ជាតិពុលបានធ្វើឲ្យប៉ះពាល់សុខភាពមនុស្ស និងសត្វ នៅតំបន់នោះ។
លោក ស៊ុន តឹ ៖ «រដ្ឋអំណាចភូមិឃុំជួយមើលឲ្យបានដិតដល់។ រដ្ឋអំណាចភូមិឃុំហ្នឹងមានអំណាចទៅទប់ស្កាត់ អ្នកប្រព្រឹត្តិបទល្មើស និងដែរ មិនចាំបាច់ក្រសួងអីចុះទៅទេ យើងគិតថា អ្វីៗ ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន»។
សព្វថ្ងៃនេះ កន្លែងធ្វើអាជីវកម្មរុករករ៉ែមាស ដោយពុំមានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងស្រុកភ្នំព្រឹកមានចំនួន ៨៩ កន្លែង។ ក្នុងនោះ មានជាប់ពាក់ព័ន្ធមន្ត្រីប៉ូលិស សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីកសិកម្មប្រជាពលរដ្ឋ និងក្រុមឈ្មួញមកពីបណ្ដាខេត្តផ្សេងៗ មួយចំនួនទៀត ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី។ ពួកគេបានបញ្ជូនកម្មករ ទៅដឹកជញ្ជូនដីរ៉ែទាំងថ្ងៃទាំងយប់។
សារធាតុគីមីដែលគេយកទៅប្រើ ដើម្បីបានមាសនោះ មានមេអាស៊ីដលឿងអាស៊ីដ កំបោរ អង្កាម ថ្នាំគីមី ព្រមទាំងសារធាតុផ្សេងៗ មួយចំនួនទៀត។ ពួកគេយកទៅលាយជាមួយរ៉ែ បង្កើតទុកក្នុងអាងស្តុកមួយ ដោយមានអ្នកយាមការពារយ៉ាងប្រុងប្រយ័ត្នមិនឲ្យអ្នកណាដើរចេញចូល នៅតំបន់នោះទេ។
ប្រភពបានបន្តថា ដល់ថ្ងៃកំណត់យករ៉ែមាស ពួកគេបានបូមសារធាតុគីមី ដែលផ្សំស្តុកទុកក្នុងអាងនោះ បង្ហូរចេញមកក្រៅ ទម្លាក់ចូលរណ្ដៅដែលគេជីកនៅក្បែរនោះ។ ការបង្ហូរជាតិគីមីចូលរណ្ដៅទាំងនោះ បានបង្កឲ្យគ្រោះថ្នាក់ ព្រោះនៅពេលមានទឹកភ្លៀងធ្លាក់ចុះមក សារធាតុគីមីនៅក្នុងរណ្ដៅទាំងនោះនឹងហៀរចេញ ហើយធ្លាក់ទៅតាមខ្សែទឹកអូរ និងទីកន្លែងផ្សេងៗ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់មនុស្ស និងសត្វ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment