Monday, May 14, 2012

គ្រួសារ​ពលករ​ខ្មែរ ស្វែងរក​អន្តរាគមន៍​ជួយ​កូន​ស្រី​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ

គ្រួសារ​ពលករ​ខ្មែរ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​បន្ទាន់​មួយ ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ជួយ​នាំ​កូន​ស្រី​របស់​ខ្លួន​ត្រឡប់​មក​ស្រុក​វិញ បន្ទាប់​ពី​ទទួល​ដំណឹង​ថា នាង​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​ម៉ោង​កំណត់​បង្អត់​បាយ វាយ​ដំ​ធ្វើ​បាប​រហូត​មាន​ពេល​ខ្លះ លោក​ថៅកែ​ឱប​រឹត​បម្រុង​ចាប់​រំលោភ​សេពសន្ថវៈ​ថែម​ទៀត។
ការ​ធ្វើ​ទារុណកម្ម និង​រំលោភ​សិទ្ធិមនុស្ស​របស់​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ជួយ​សង្គ្រោះ។
ពលករ​ខ្មែរ​ម្នាក់​អាយុ ២៣ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​ស្ត្រី​មេ​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ចោទ​ថា នាង​កំពុង​ត្រូវ​ថៅកែ​ជា​ជន​ជាតិ ម៉ាឡេស៊ី​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ និង​បៀតបៀន​កេរ្តិ៍​ខ្មាស។

អ្នក​ស្រី​ជា​ម្ដាយ​ពលករ​ខ្មែរ​រូប​នោះ បាន​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ទី ១០ ខែ​ឧសភា​ថា កូន​ស្រី​គាត់​បាន​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​ជា​ស្ត្រី​មេ​ផ្ទះ​នៅ​ម៉ាឡេស៊ី តាំង​ពី​ថ្ងៃ ទី ២៦ ខែ​កក្កដា ឆ្នាំ ២០១១។
បន្ទាប់​មក នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០១២ កន្លង​ទៅ ពលករ​ខ្មែរ ២ នាក់ ដែល​ធ្វើ​ការ​នៅ​ជិត​ផ្ទះ ដែល​កូន​ស្រី​គាត់​ធ្វើ​នៅ​ម៉ាឡេស៊ី បាន​លួច​ទូរស័ព្ទ​ពី​ម៉ាឡេស៊ី ថា កូន​គាត់​កំពុង​ត្រូវ​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​កំណត់ បង្អត់​បាយ និង​បាន​ឱប​រឹត​ពី​ក្រោយ​បម្រុង​ចាប់​រំលោភ។
សំឡេង៖ «អ្នក​ជិត​ខាង​ប្រាប់​ខ្ញុំ​ថា ពេល​អ៊ុត​ខោ​អាវ​ក៏​ដោយ ពេល​អី​ក៏​ដោយ ចូល​មក​ដល់​នោះ​ឯង វៃ​មួយ​ធុង​ទឹក ដប​ទឹក​ដប​ស្អី​អញ្ចឹង​ក្មួយ! ហើយ​ពេល​ដែល​វៃ​អ៊ីចឹង​អត់​ឲ្យ​ហូបបាយ​ទេ ហើយ​បាយ​ក្នុង ១ ថ្ងៃ ហូប​តែ ២ ពេល​ទេ។ ពេល​បាយ​ពេល​ព្រឹក ម៉ោង ៣ ល្ងាច​ទើប​ឲ្យ។ បាយ​ព្រឹក​ម៉ោង ១០ យប់​បាន​ឲ្យ។ បាយ​ពេល​ល្ងាច មី​អូន​នៅ​ជិត​ហ្នឹង​វា​ប្រាប់​ខ្ញុំ​ណា​ក្មួយ  ថៅកែ ដែល​វៃ​នឹង​ស្ត្រី​រាង​ចំណាស់​នៅ​ក្នុង​ផ្ទះ​នឹង​ដែល​វៃ​ហើយ អ្នក​ដែល​ចាប់​នឹង​ត្រូវ​ជា​ប្អូន​ថៅកែ បាន​ស្អី​បាន​ស្អី​ខ្ញុំ​មិន​ដឹង​ទេ តែ​ដឹង​ថា ចាប់​ឱប នៅ​ពេល​សែន​ចិន (បុណ្យ​ចូល​ឆ្នាំ​ចិន)»។
ម្ដាយ​ពលករ​ខ្មែរ ដែល​រង​គ្រោះ បាន​បន្ត​ទៀត​ថា គាត់​បាន​ព្យាយាម​ទាក់ទង​ភ្នាក់ងារ​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ​ជា​ច្រើន​ដង ដើម្បី​ជួប​កូន​ស្រី​គាត់​បន្ទាប់​ពី​ទទួល​ដំណឹង​នេះ តែ​ក្រុមហ៊ុន និង​ភ្នាក់ងារ​នាំ​ពលករ ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី បាន​ប្រាប់​ថា កូន​គាត់​សុខ​សប្បាយ និង​មិន​មាន​ការ​ធ្វើ​ទារុណកម្ម​អ្វី​នោះ​ឡើយ។
ទោះ​យ៉ាង​ណា​ក្ដី អ្នកស្រី​បាន​ជួប​និយាយ​ទូរស័ព្ទ​ឆ្លងឆ្លើយ​ជា​មួយ​កូន ហើយ​កូន​ស្រី​បាន​ប្រាប់​ថា ខ្លួន​ពិត​ជា​ទទួល​រងគ្រោះ ដោយ​ថៅកែ​ធ្វើ​ទារុណកម្ម បង្អត់​អាហារ និង​វាយ​ដំ​ពិត​មែន។
ក្រោយ​ទួល​ដំណឹង​ដូច្នេះ អ្នកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) និង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ដើម​ខែ​មេសា​កន្លង​មក ដើម្បី​សុំ​ឲ្យ​ជួយ​រក​វិធី​បញ្ជូន​កូន​គាត់​ត្រឡប់​មក​ស្រុក​វិញ។ ក៏​ប៉ុន្តែ ភ្នាក់ងារ​នាំ​ពលករ​នៅ​ម៉ាឡេស៊ី បាន​ទូរស័ព្ទ​មក​គំរាម​កំហែង​អ្នកស្រី​ជា​បន្ត​បន្ទាប់។
សំឡេង៖ «Agencyគំរាម​ឲ្យ​ខ្ញុំ​ហ្នឹង​ឯង ដក​ពាក្យ​បណ្ដឹង​ភ្លាមៗ ទៅ មិន​បាច់​ប្ដឹងផ្ដល់​អី​ទេ កូន​គេ​យក​មក​មើល​ឲ្យ​បាយ​ឲ្យ​អី​ហើយ។ វៃ​តិច​តួច​អី​ទេ មិន​ដល់​ថ្នាក់​ជាំ​មិន​ដល់​ថ្នាក់​អី​ទេ។ គេ​ថត​មើល​ហើយ។ មីង​ឯង​ចាំ​តែ​ទទួល​យក​លុយ​ទៅ​មិន​បាច់​ភ័យ​ទេ។ កូន​គេ​ដោះស្រាយ​ហើយ Agency គេ​ថា អញ្ចឹង​មិន​បាច់​ប្ដឹង​ដល់​ប៉ុស្តិ៍​អាស៊ី​សេរី​ដល់​អី​ទេ។ បើ​មិន​ដក​ពាក្យ​បណ្ដឹង​ទេ មីង​ឯង​ដឹង​តាម​រយៈ​ណា ក្មេង​ទាំង ២ នាក់ ដែល​ជួយ​អា​ចន្ធូ​ហ្នឹង​ឯង គេ​មិន​ឲ្យ​មក​ស្រុក​វិញ​ទេ។ គេ​ធ្វើ​បាប​ក្មេង​នោះ​ទៀត»។
លោក មឿន តុលា ប្រធាន​ផ្នែក​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ម្ដាយ​របស់​ពល​ការិនី​រូប​នេះ​រួច​ហើយ កាល​ពី​ដើម​ខែ​មេសា និង​កំពុង​ព្យាយាម​ទាក់ទង​ដៃ​គូ​នៅ​ប្រទេស​ម៉ាឡេស៊ី ជំរុញ​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់។
ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក ណោះ ហាន  ប្រធាន​មជ្ឈមណ្ឌល​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី ជី.អឹម.ស៊ី (GMC) បដិសេធ​ថា គ្មាន​អំពើ​ហិង្សា​ណាមួយ​ទៅ​លើ​ពល​ការិនី​នៅ​ខេត្ត​កំពង់​នោះ​ទេ ហើយ​ភ្នាក់ងារ​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី ក៏​មិន​បាន​គំរាម​ដល់​គ្រួសារ​ជន​រង​គ្រោះ​នោះ​ដែរ។
លោក ណោះ ហាន៖ «កូន​នោះ​គេ​មិន​បាន​ធ្វើ​បាប​អី​ទេ។ ប៉ុន្តែ គ្រាន់​តែ​ថា ទៅ​ហ្នឹង​ប្រាប់​ថា ម្ចាស់​ផ្ទះ​ចេះ​តែ​ស្រែ​គំហក គំរាម​កំហែង។ ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំ​ក៏​ប្រាប់​ដល់ Agency ថា អត់​បាន​ទេ ធ្វើ​អ៊ីចឹង​អត់​បាន​ទេ។ ត្រូវ​តែ​សម្រួល​ប្រាប់​ម្ចាស់​ផ្ទះ​នោះ ឲ្យ​រៀបចំ​ឡើង​វិញ។ គេ​ក៏​រៀបចំ​ស្រួល​រហូត​ដល់​រាល់​ថ្ងៃ​ហ្នឹង។ អ៊ីចឹង​ទេ ប្រសិន​ជា​គាត់​ចង់​ឲ្យ​កូន​ត្រឡប់​មក​វិញ ក្រុមហ៊ុន​អាច​រៀបចំ​ឲ្យ​បាន»។
បើ​ទោះ​បី​ជា​គេ​ដឹង​ថា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ប្រឈម​គ្រោះថ្នាក់​ក្ដី ក៏​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​តែ​ចង់​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​នោះ​ ដដែល។ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​អះអាង​ថា បញ្ហា​នេះ ដោយសារ​តែ​មូល​ហេតុ​ក្រីក្រ និង​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​កម្ពុជា។
ដោយ​ភាព​ក្រីក្រ​នេះ​ហើយ ទើប​ឪពុក​ម្ដាយ​មួយ​ចំនួន ប្រថុយ​ឲ្យ​កូន​ស្រី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ថ្នូរ​នឹង​ប្រាក់​កម្ចី​ពី​ក្រុមហ៊ុន​ខ្លះ ដើម្បី​ដោះស្រាយ​ជីវភាព។ ជាក់​ស្ដែង ដូច​ជា​ម្ដាយ​ពលករ​មួយ​រូប​នៅ​ខេត្ត​កំពង់ធំ​នេះ។ អ្នក​ស្រី​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ខ្ចី​លុយ ៣០០ ដុល្លារ ពី​មជ្ឈមណ្ឌល​នាំ​ពលករ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ឈ្មោះ ជី.អឹម.ស៊ី (GMC)   មុន​នឹង​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី។
លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ប្រមាណ ៥ ទៅ ៦ ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ក៏​ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ជន​រង​គ្រោះ ថា​មាន​ការ​ប្រើ​អំពើ​ហិង្សា និង​រំលោភ​សិទ្ធិមនុស្ស​ចំនួន ១០ ករណី គិត​ត្រឹម​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០១២ នេះ។
រីឯ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ អាដហុក (Adhoc) កាល​ពី​ឆ្នាំ ២០១១ ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ជន​រង​គ្រោះ​ចំនួន ១០២ ករណី។ តួ​លេខ​នេះ ខ្ពស់​ជាង​ពាក់​កណ្ដាល​កាល​ពី​ឆ្នាំ ២០១០ ដែល​មាន​ត្រឹមតែ​ជាង ៥០ ករណី​ប៉ុណ្ណោះ។ សម្រាប់​ដើម​ឆ្នាំ ២០១២ នៅ​មិន​ទាន់​មាន​តួ​លេខ​ច្បាស់លាស់​នៅ​ឡើយ​ទេ។
លោក មឿន តុលា សង្ឃឹម​ថា ស្ថានភាព​រស់​នៅ​របស់​ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី អាច​មាន​ការ​ប្រសើរ​ឡើង ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​ផ្អាក​នាំ​ពលករ​ខ្មែរ​ទៅ​ម៉ាឡេស៊ី​ជា​ បណ្ដោះអាសន្ន កាល​ពី​ខែ​តុលា ឆ្នាំ ២០១១។ តែ​ជាក់​ស្ដែង បញ្ហា​ដែល​ធ្លាប់​កើត​មាន​ដល់​ពលករ​ខ្មែរ កាល​ពី​ឆ្នាំ ២០០៩ ២០១០ និង​ឆ្នាំ ២០១១ នៅ​តែ​បន្ត​កើត​ឡើង​ថែម​ទៀត ដល់​ឆ្នាំ ២០១២ នេះ ដោយសារ​តែ​ការអនុវត្ត​សារាចរ​ណែនាំ​នោះ​គ្មាន​ប្រសិទ្ធភាព។
គ្មាន​ប្រសិទ្ធភាព​ត្រង់​ថា ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី ត្រូវ​បាន​បន្ត​កុងត្រា​ថែម​ទៀត ពេល​ដែល​ចប់​អាណត្តិ​ចាស់ ហើយ​ក្រុមហ៊ុន​មួយ​ចំនួន នៅ​តែ​លួចលាក់​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ដោយ​ស្ងាត់ៗ ក្រោយ​ពី​សារាចរ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ។
សំឡេង៖ «អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​មិន​បញ្ជូនMaid តទៅ​ទៀត​ទេ។ តាម​ឮ​ព័ត៌មាន​ថា នៅ​តែ​មាន​ការ​បញ្ជូនMaidតាម​ច្រក​ផ្សេងៗ។ ក៏​ប៉ុន្តែ យើង​ព្យាយាម​រក​ភស្តុតាង​នឹង​ដែរ តែ​យើង​ពិបាក​រក​បន្តិច ដោយសារ​តែ​ការ​បញ្ជូន​នោះ មិន​បញ្ជូន​តាម​រូបភាព​ភ្លឺ​ដូច​លើក​មុន»។
បន្ថែម​លើ​នេះ អ្នកស្រី លឹម មុនី អនុ​ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម អាដហុក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ម៉ាឡេស៊ី​មួយ​ចំនួន​បាន​បិទ​ទ្វារ ដូចជា ក្រុមហ៊ុន T&Pជា​ដើម ជា​ហេតុ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​មួយ​ចំនួន​បាត់​ដំណឹង ដោយសារ​តែ​គ្មាន​ប្រភព​ឯកសារ​ច្បាស់លាស់​សម្រាប់​ទំនាក់ទំនង​ពលករ​ទាំង​នោះ។ របាយការណ៍​ស្ដីពី​ការ​បាត់​ខ្លួន​ពលករ ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​តែ​មិន​ទាន់​បាន​លទ្ធផល​អ្វី​ទាំង​អស់ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
រីឯ​ពលករ​ខ្មែរ​មួយ​ចំនួន ដែល​ក្រុមហ៊ុន​នៅ​ដំណើរ​ការ​ដល់​សព្វ​ថ្ងៃ កំពុង​ប្រឈម​នឹង​ការ​ ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ និង​ខ្លះ​ទៀត ក៏​បាត់​ខ្លួន​ផង ដោយសារ​តែ​រត់​គេច​ពី​ការ​បង្ខំ​ឲ្យ​បន្ត​កុងត្រា​ថ្មី ដោយសារ​តែ​ថៅកែ​មិន​ព្រម​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ចប់​អាណត្តិ។
អ្នកស្រី​បញ្ជាក់​ថា៖ «ពល​ការិនី​គាត់​ចប់​អាណត្តិ គាត់​ត្រូវ​មក​តាម​កិច្ចសន្យា។ ប៉ុន្តែ​ថៅកែ គេ​ឲ្យ​មក​គេ​ទារ​មនុស្ស​ដូរ​ពី​ក្រុមហ៊ុន។ អ៊ីចឹង​ក្រុមហ៊ុន​អត់​មាន​មនុស្ស​ដូរ ដោយសារ​តែ​គោលការណ៍ នាយក​រដ្ឋមន្រ្តី​យើង​បិទ​មិន​ឲ្យ​ចេញ។ គាត់​អត់​មាន​មនុស្ស​ដូរ។ គាត់​ចាំបាច់ ត្រូវ​តែ​គំរាម​កំហែង អង្វរក ឬ​មួយ​ក៏​អាច​គាប​សង្កត់​ជា​ផ្លូវ​សន្តិវិធី ឬ​ជា​ផ្លូវ​ហិង្សា ឬ​ក៏​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​គាប​សង្កត់​ឲ្យ​ពល​ការិនី​នៅ​បន្ត​ទៀត ដល់​ពេល​នៅ​អ្នក​ខ្លះ​ទ្រាំ​នៅ។ អ្នក​ខ្លះ​នៅ​មិន​បាន​រត់។ អ៊ីចឹង​ធ្វើ​ឲ្យ​បាត់​ខ្លួន»។
មន្ត្រី​ស៊ើបអង្កេត​ផ្នែក​ស្ត្រី​រូប​នេះ បញ្ជាក់​ថា អ្វី​ដែល​កំពុង​ប្រឈម​ធ្ងន់ធ្ងរ​មួយ​ទៀត​សម្រាប់​ពល​ការិនី​ធ្វើ​ការ​ជា​ មេផ្ទះ​នៅ​ម៉ាឡេស៊ី​នោះ គឺ​ការ​បញ្ជូន​ត្រឡប់​មក​វិញ​ភាគ​ច្រើន មាន​អាការៈ​វិកលចរិត និង​ឈឺ​ធ្ងន់។
ទាក់ទង​រឿង​ការ​រំលោភ​សិទ្ធិ​ពលករ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសា លោក​នាយក​រដ្ឋមន្ត្រី  ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការងារ​អាស៊ាន និង​អាស៊ាន​បូក ៣ នៅ​វិមាន​សន្តិភាព ដោយ​អំពាវនាវ​ឲ្យ​សមាជិក​អាស៊ាន ទាំង​អស់​គោរព​នូវ​សិទ្ធិ​ពលករ​ចំណាក​ស្រុក ទេសន្តរប្រវេសក៍ ដោយ​យក​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស​មក​ដោះស្រាយ ក្នុង​នាម​ជា​ប្រទេស​ក្នុង​តំបន់។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​ជា​ច្រើន ជុំវិញ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ដែល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ដូច​ជា ធ្វើ​ការ​លើស​ម៉ោង​កំណត់ បង្អត់​បាយ ចាប់​រំលោភ វាយ​ដំ​ច្រំ​ធាក់ រហូត​មាន​ពលករ​ខ្លះ​ស្លាប់ ពិការ ឬ​ឆ្កួត។
លោក ហ៊ុន សែន៖ «កម្ពុជា​សូម​សំណូមពរ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ អស់ សូម​ប្រកាន់​យក​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស ដោយ​ចៀសវាង​ឲ្យ​បាន​ដាច់​ខាត​នូវ​ការ​ប្រមាថ និង​ការ​បង្ក​ផលវិបាក ដល់​ជីវិត​ពលករ​ទេសន្តរប្រវេសក៍»។
លោក​ថ្លែង​បន្ត​ថា អាស៊ាន​ត្រូវ​បន្ត​រៀបចំ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​កម្មករ​ទេសន្តរប្រវេសក៍ ដែល​បាន​រៀបចំ និង​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០០៧ ស្ដីពី​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសក៍ និង​បាន​បង្កើត​គណៈកម្មការ ដើម្បី​អនុវត្តន៍​សេចក្ដី​ថ្លែងការណ៍​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment